ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅដើមខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ នឹងសម្រេចជោគជ័យក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍លើវិស័យសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅថ្ងៃនទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា នៅពេលការចចារនៃកិច្ចព្រមព្រៀងសេរីនេះ ត្រូវបានបញ្ចប់ ទីផ្សាររបស់ប្រទេសចិនកាន់តែបើធំទូលាកាន់តែធំដើម្បីទទទួលផលិតផលកម្ពុជាកាន់តែច្រើន។
សម្តេចបន្តថា នេះ គឺជាផលចំណេញដល់វិស័យសេដ្ឋកិច្ចកម្ពុជាមួយទៀត ក្នុងធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ។ សូម្បីតែសហរដ្ឋអាមេរិក និងអឺរ៉ុបក៏រកស៊ីជាមួយនឹងប្រទេសចិនផងដែរ ចុះហេតុអ្វីមកបន្ទោសកម្ពុជាដែលរកស៊ីជាមួយចិននោះ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់សារជាថ្មីថាកុំអោយមានការព្រួយបារម្ភខ្លាំងពេកចំពោះ ថា ខេត្តព្រះសីហនុនឹងក្លាយជាទីក្រុងរបស់ចិននោះចិន រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានទីក្រុងចិននៅឡើយទេ (China Town) ខណៈប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិកជាដើមមានទីក្រុងចិន (China Town) ស្ទើរតែគ្រប់រដ្ឋ។
រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មកម្ពុជា លោកសុខ សុភ័ក្ដ្រ ឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្តល់ឱកាស និងលំហូរទីផ្សារកាន់តែច្រើនដល់កម្ពុជាបន្ថែមពីលើអ្វីដែលសម្រេចបានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និង ចិន។
លោកបន្តថា ចិនចង់មានកិច្ចព្រមព្រៀងនេះជាមួយកម្ពុជា ព្រោះកម្ពុជាជាប្រទេសផលិតនូវផលិតផលកសិកម្មមិនសូវច្រើននោះទេ។
លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិសភាកម្ពុជាបានឱ្យដឹងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីនេះ កម្ពុជាអាចចំណេញទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ផ្នែកនយោបាយ គឺកិច្ចព្រមព្រៀងនេះ ជាការបើកច្រកមួយទៀត ដោយកម្ពុជាមិនចាំបាច់រង់ចាំតែនាំចេញទៅកាន់សហភាពអឺរ៉ុបតែមួយមុខនោះទេ។
ចំណែកឯផ្នែកសេដ្ឋកិច្ចវិញ លោក គី សេរីវឌ្ឍថា កម្ពុជាអាចនាំចេញបន្ថែមទៀតនូវកសិផលទៅកាន់ប្រទេសចិន និង ទាក់ទាញវិនិយោគិនចិនមកកម្ពុជាបានបន្ថែមផងដែរ។យោងតាមការចុះផ្សាយហ្វេសបុករបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បង នៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូងស្តីអំ ពីការសិក្សាស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ។
ប្រភពដដែលបន្តថា នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ពេលមុននេះ ថ្នាក់ប្រតិបត្តិការងារនៃស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជាបានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជម្រុញកិច្ចការ ដែលពាក់ព័ន្ធឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ៕






