សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​

0
សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​
សម្តេច​តេជោ​បង្ហាញ​មហិច្ឆតា​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជា​មជ្ឈ​មណ្ឌ​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​មហិច្ឆតា​ ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ ឱ្យ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សម្រាប់​តំបន់​ និង​ពិភពលោក​ ដែល​គួរ​ឱ្យ​ទុកចិត្ត​ដូច​ទៅ​នឹង​ទីក្រុង​ហុងកុង​ សឹង្ហ​បុរី​ និង​ទីក្រុង​សៀងហៃ​ជាដើម​ នា​ពេល​ខាងមុខនេះ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ នៅក្នុង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​ជា​ផ្លូវ​ប្រណីត​បំផុត​នៅ​កម្ពុជា​ នា​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​បានឱ្យ​ដឹង​ថា​ ទីក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ពហុ​បំណង​មាន​ស្ទើ​តែ​គ្រប់​វិស័យ​ រួមមាន​ការ​ដឹកជញ្ជូន​ សេវាកម្ម​ ពាណិជ្ជកម្ម​ កំពុង​ផែ​ទឹកជ្រៅ​ ​; និង​ឧស្សាហកម្ម​ ហើយ​ទៅខាងមុខ​ទៀត​ នឹង​ក្លាយទៅជា​តំបន់​មូលដ្ឋាន​ហិរញ្ញវត្ថុ​ ឬមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ បើសិន​អភិវឌ្ឍន៍​ឱ្យ​បាន​ត្រឹមត្រូវ​។

សម្តេច​តេជោ​បន្ត​ថា​ “ពីដើម​មាន​តំបន់​ហុងកុង​ សឹង្ហ​បុរី​ សៀងហៃ​ និង​នៅកន្លែង​ផ្សេងទៀត​បាន​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​។ យើង​ក៏​មាន​មហិច្ឆតា​ទៅដល់​ទីនោះ​ដែរ​ ដែល​ទៅជា​មជ្ឈមណ្ឌល​ទៅជា​ហិរញ្ញវត្ថុ​ ដែល​អាច​ជឿ​ទុកចិត្ត​ មិនមែន​តែ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ តែ​ឈាន​ទៅដល់​កំរិត​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ និង​អន្តរជាតិ​ផង​ដែរ​”។

ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ទី២​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ក្នុង​ការ​រុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ស្រប​ពេល​ដែល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ មាន​តំបន់​សេដ្ឋកិច្ច​ចំនួន៩ទីតាំង​។

អ្នកជំនាញ​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​ ហុង​ វណ្ណៈ​ក៏បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ សម្រាប់​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី២ខេត្ត​ព្រះសីហនុ​ មាន​សក្ដានុពល​យ៉ាង​ពិសេស​ទៅលើ​តំបន់ឆ្នេរ​ និង​សមុទ្រ​ ដែល​អនុគ្រោះ​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ តភ្ជាប់​រវាង​ប្រទេស​កម្ពុជា​ ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេង​ៗទៅកាន់​សាកលលោក​ផង​ដែរ​។

លោក​បន្ត​ថា​ ក្រៅពី​នេះ​ព្រះសីហនុ​ ក៏​មាន​ភាព​ទាក់ទាញ​លើ​ផ្នែក​ទេសចរណ៍​ ដ៏​សំខាន់​មួយ​ផង​ដែរ​ ខណៈ​ដែល​បណ្តា​ប្រទេស​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​រួម​មិន​មាន​តំបន់​អំណោយផល​ពិសេស​ដូចនេះ​នោះ​ឡើយ​។

លោក​គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បានឱ្យ​ដឹង​កន្លងមក​នេះ​ថា​ រាជរដ្ឋាភិបាល​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​ រមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើស​កល​លោក​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ជា​ច្រកចេញ​ចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ​ មជ្ឈមណ្ឌល​ភស្តុភារ​ធម្មជាតិ​ មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន​ និង​ទីផ្សារ​សកលលោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ ដែល​មាន​សុខដុម​នី​យក​ម្ម​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ថែម​ថា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ បណ្ដាក់ទុន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ពី​អ្នក​វិនិយោគ​បរទេស​ ជាពិសេស​អ្នក​វិនិយោគ​ជនជាតិ​ចិន​ស្ថិត​ក្នុង​លំដាប់​ទី១​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានសន្ទុះ​អភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ លើ​វិស័យ​សំ​ខាន់​ៗដូចជា​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ ទេសចរណ៍​ និង​កាស៊ីណូ​។

ខេត្ត​ព្រះសីហនុ​ ក្នុងរយៈ​ពេល​ប៉ុន្មា​ឆ្នាំ​កន្លងមក​នេះ​ ក្រៅពី​ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ ខុន​ដូ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ បាន​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​យ៉ាងច្រើន​គម្រោង​ និង​បាន​ដាក់​ឱ្យ​ដំណើរ​នូវ​គម្រោង​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​កំណើន​ការ​វិនិយោគ​ និង​ទេសចរណ៍​ចូល​ទៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here