ការប្រកាស​នីតិវិធី​ EBA​ របស់​កម្ពុជា​ខិត​ជិត​មកដល់​ ខណៈ​ទំនាក់ទំនង​អាស៊ាន​ និង​អឺរ៉ុប​មិនសូវ​ជា​ល្អ​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ខណៈ​ប្រកាស​ការ​នីតិវិធី​ពិនិត្យ​លើ​ការសម្រេច​ថា​តើ​ព្យួរ​ ឬអត់​កម្មវិធី​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) របស់​កម្ពុជា​ខិត​ជិត​មកដល់​ ទំនាក់ទំនង​អាស៊ាន​ និង​អឺរ៉ុប​មិនសូវ​ជា​ល្អ​ដែល​ដូចជា​ករណី​កម្ពុជា​។

សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើ​ឡើង​បែបនេះ​ពី​ស្ថានភាព​ទំនាក់ទំនង​អាស៊ាន​ និង​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​ក្នុង​កម្មពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ នៃ​សាកល​វិទ្យាល័យ​ធនធានមនុស្ស​នៅ​ថ្ងៃនេះ​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ “ខាង​ EU​ ទៅ​គំ​រាម​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី​ដែរ​ថា​នឹង​ឈប់​ទិញ​ដូងប្រេង​ ព្រោះ​វា​នាំទៅ​ដល់​កាប់​ឈើ​ ដាំដូង​ប្រេង​។ សម្តេច​តេជោ​ បាន​បន្ត​ថា​ “វា​មិន​ខុស​អ្វី​ពី​យើង​ គេ​គំរាម​ផ្តាច់​ EBA​ នោះ​ទេ​ ដូច្នេះ​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ EU​ បញ្ហា​ជាមួយ​កម្ពុជា​ផង​ ជាមួយ​មីយ៉ាន់ម៉ា​ ជាមួយ​ហ្វីលីពីន​ផង​លើ​ទិដ្ឋភាព​សិទ្ធិមនុស្ស​”។

សម្តេច​តេជោ បាន​ថ្លែង​ថា​ “បញ្ហា​ជាមួយនឹង​ម៉ាឡេស៊ី​ និង​ឥណ្ឌូ​នេ​ស៊ីលើ​ទិដ្ឋភាព​បរិស្ថាន​។ ដែល​បន្ត​ទិញ​ដូងប្រេង​ពី​ម៉ាឡេស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​ដែល​ឱ្យ​មាន​កាប់ព្រៃ​ឈើ​ អីចឹង​ទំនាក់ទំនង​អាស៊ាន​ជាមួយ​ EU​ មិនសូវ​ជា​ល្អ​ទេ​។ ខាង​អឺរ៉ុប​ចង់​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​អាស៊ាន​ ប៉ុន្តែ​ពួក​អាស៊ាន​បាន​ប្រើ​ភាសា​ថា​ បន្ត​ការចរចា​ដើម្បី​ឆ្ពោះទៅ​រក​ដៃគូ​យុទ្ធសាស្ត្រ​ ប៉ុន្តែ​យើង​នៅតែ​ចរចា​អំពី​កិច្ច​ព្រមព្រៀង​សេរី​រវាង​អាស៊ាន​ និង​អឺរ៉ុប​ដែរ​”។ សម្តេច​តេជោ​ បាន​បន្ថែម​ថា​ “វា​មិនមែន​រឿង​ដោយឡែក​តែមួយ​នឹង​កម្ពុជា​នោះ​ទេ​”។

របាយការណ៍​ថ្មី​មួយ​ដែល​ផ្សាយ​ដោយ​សភា​អឺរ៉ុប​ ឱ្យ​ដឹង​ថា​ អង្គការ​ស៊ីវិល​នៅ​កម្ពុជា​មួយចំនួន​បញ្ជាក់​ថា​ ប្រសិនបើ​ក្តី​បារម្ភ​ពី​សិទ្ធិធ​មនុស្ស​របស់​អឺរ៉ុប​មានប្រសិទ្ធភាព​ ការ​ព្យូរ​ EBA​ នឹង​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​ប្រជាជន​កម្ពុជា​ដោយធ្វើ​ឱ្យ​មាន​បាត់បង់​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​។

របាយការណ៍​នេះ​បន្ថែម​ថា​ វា​នឹង​ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេរ​ភាគី​អឺរ៉ុប​ជាមួយនឹង​កម្ពុជា​ដោយធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​កាន់តែ​ខ្លាំង​ជាមួយ​ចិន​។ គណៈកម្មការ​សហគមន៍​អឺរ៉ុប​ត្រូវ​សម្រេចចិត្ត​នៅ​ខែកុម្ភៈ​ឆ្នាំ​ ២០២០​ ថា​តើ​ត្រូវ​ផ្អាក​ ឬអត់​ចំពោះ​ EBA​ របស់​កម្ពុជា​។

កាលពី​ពេល​ថ្មី​ៗនេះ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​ក្ពុ​ជា​ (GMAC​) ​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​បន្ត​រក្សា​កម្មវិធី​អនុគ្រោះ​ពន្ធ​ លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) ដល់​កម្ពុជា​ ដើម្បី​ផ្តល់​ការងារ​ដល់​កម្មករ​ និយោជិត​ចំនួន ៧៥០០០០​នាក់​ និង​សុខមាលភាព​ប្រជាពលរដ្ឋ​ប្រមាណ ៣លាន​នាក់​ស្ថិតនៅ​ក្នុង​ហា​នី​ភ័យ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ម្ពុ​ជា​ (GMAC​) ចេញផ្សាយ​កាលពី​ថ្ងៃទី១៣​ ខែសីហា​កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​ EBA​ តាំងពី​ឆ្នាំ២០០១​ ។ អ្នក​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍​ចម្បង​គឺ​កម្មករ​ កម្មការិនី​ ដែល​កំពុងធ្វើការ​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ (Travel​ Goods​) ក្នុង​ប្រទេស​កម្ពុជា​។

ឧស្សាហកម្ម​ទាំងនេះ​តំណាង​ឲ្យ​ប្រមាណ៧៥ភាគរយ​ នៃ​ការនាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា​ និង៩០ភាគរយ​ នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។ ពាណិជ្ជកម្ម​ចំនួន​ ៤,៧៧​ ពាន់​លាន​អឺ​រ៉ូ​ក្នុង​ឆ្នាំ២០១៨​ កើនឡើង​ចំនួន១០ដង​ ចាប់ពី​កម្មវិធី​ EBA​ ត្រូវ​បាន​ផ្តល់​ឱ្យ​កម្ពុជា​ដំបូង​។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​ម្ពុ​ជា​ ដែល​ជា​តំណាង​រោងចក្រ​ចំនួន៥៨០​ នៅ​កម្ពុជា​បាន​អះអាង​បន្ត​ថា​ ដោយសារតែ​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​ តាមរយៈ​កម្មវិធី​ EBA​ ប្រជាពលរដ្ឋ​កម្ពុជា​ រាប់​លាន​នាក់​បាន​ចេញផុត​ពី​ភាព​ក្រីក្រ​ និង​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​របស់​ប្រទេស​។

កម្មករ​ចំនួន​ ៧៥០,០០០នាក់​នៅក្នុង​ឧស្សាហកម្ម​នេះ​ តំណាង​ជាង​ពាក់កណ្តាល​នៃ​កម្លាំង​ការងារ​សរុប​ក្នុង​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា​ ហើយ​ឧស្សាហកម្ម​នេះ​ផ្តល់​ការ​គាំទ្រ​ចំណូល​ផ្ទាល់​ដល់​គ្រួសារ​ជាង២០ភាគរយ​ នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាង៨០ភាគរយ​នៃ​កម្មករ​របស់​យើង​ជា​ស្ត្រី​ ហើយ​ពួកគេ​ភាគច្រើន​បំផុត​មាន​អាយុ​ក្រោម​ ៣៥ឆ្នាំ​។

សរុបទៅ​កម្មវិធី​ EBA​ មានផល​វិជ្ជមាន​ដល់​ជីវិត​ ប្រជាពលរដ្ឋ​ប្រមាណ៣លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​។ជាថ្មី​ម្តង​ទៀត​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) បាន​អះអាង​ថា​ ការ​ព្យួរ​អត្ថ​ប្រយោជន៍ EBA ពី​សហភាព​អឺរ៉ុប​ និង​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ​ច្រើន​នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើដំណើរ​ ហើយនឹង​មិន​បម្រើ​គោលបំណង​លុបបំបាត់​ភាព​ក្រីក្រ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​កម្មវិធី​ EBA​ ទេ​។

វា​នឹងជា​លទ្ធផល​ក្រៀមក្រំ​និង​គួរ​ឱ្យ​សោក​ស្តាយ​ សម្រាប់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) និង​កម្លាំង​ការងារ​ដែល​បាន​ធ្វើការងារ​យ៉ាងច្រើន​ ក្នុង​ការ​សហការ​ជាមួយ​អង្គការ​ ILO​ ហើយ​ជា​ការពិត​នៅក្នុង​ការ​លើកកម្ពស់​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​តាមដាន​សិទ្ធិ​កម្មករ​ នៅក្នុង​ប្រទេស​កម្ពុជា​ព្រមទាំង​នៅក្នុង​ប្រទេស​ដទៃ​ៗទៀត​។

នៅ​ថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៩​ សហភាព​អឺរ៉ុប​ បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ការចោទប្រកាន់​ថា​មានការ​រំលោភ​ បំពាន​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ ការស៊ើបអង្កេត​នេះ​ អាច​នឹង​នាំ​ឱ្យ​មានការ​ដក​កម្មវិធី​ អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​សព្វាវុធ​ (EBA​) ពី​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here