ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង និងជប៉ុននឹងសហការបង្កើតក្រុមហ៊ុន Internet ធំជាងគេមួយនៅអាស៊ីនៅខែ តុលា ឆ្នាំក្រោយ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងជប៉ុន និងកូរ៉េខាងត្បូងនៅតែបន្តកើនឡើង ហើយប្រជាជនកូរ៉េនៅតែបន្តធ្វើពហិការទំនិញរបស់ជប៉ុនដោយគ្មានកំណត់។
ក្រុមហ៊ុន Naver Corp របស់ប្រទេសកូរ៉េខាងត្បូងដែលជាម្ចាស់នៃកម្មវិធីផ្ញើសារដ៏ធំ Line នឹងរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Yahoo Japan និងបង្កើតប្រាក់ចំណេញជាង ៣០ ពាន់លានដុល្លារនៅក្នុងបច្ចេកវិទ្យាអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Yahoo ជប៉ុនកាន់កាប់ដោយក្រុមហ៊ុនទូរគមនាគមន៍ Softbank Corp ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ។
ការរួមបញ្ចូលគ្នានេះអាចតំណាងឱ្យភាពជាដៃគូសេដ្ឋកិច្ចដ៏ធំបំផុតរវាងប្រទេសគូប្រជែងទាំងពីរនេះក្នុងរយៈពេល ១០ ឆ្នាំ និងជំហានដ៏សំខាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលមានភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំង ដោយភាគីទាំងពីរបានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើគ្នាទៅវិញទៅមកនៅឆ្នាំនេះ និងដកចេញបញ្ជីដៃគូធ្វើពាណិជ្ជកម្មរបស់ខ្លួន។ ក្រុមអ្នកវិភាគជឿជាក់ថា ភាពជាដៃគូសាជីវកម្មរវាងប្រទេសទាំងពីរអាចចាប់ផ្តើមបន្ធូរបន្ថយនូវទំនាក់ទំនងសេដ្ឋកិច្ចដែលបានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំកន្លងទៅ។
លោក Jaewoong Lee ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Daum បាននិយាយថា “នេះប្រហែលជាករណីសំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េ និងជប៉ុនក្នុងទសវត្សចុងក្រោយនេះ”។
លោកបានបន្ថែមថា “ពួកគេនឹងក្លាយជាក្រុមហ៊ុន Internet លេខ ១ នៅជប៉ុន ក៏ដូចជាអាស៊ីអាគ្នេយ៍។ វាមានរឿងជាច្រើនដែលក្រុមហ៊ុនទាំងពីរអាចធ្វើជាមួយគ្នាដូចជាការផ្ញើសារ ពាណិជ្ជកម្ម និងការបង់ប្រាក់សាមញ្ញ។ វាមិនដែលមានទំនាក់ទំនងល្អរវាងកូរ៉េ និងជប៉ុនទេនាពេលកន្លងមក”។
សង្រ្គាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលដែលតុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាឱ្យសាជីវកម្មជប៉ុនបង់ប្រាក់សំណងសម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េក្នុងអំឡុងពេលកាន់កាប់របស់ខ្លួនក្នុងឆ្នាំ ១៩១០ ដល់ ១៩៤៥ ។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េគឺផ្ទុយពីសន្ធិសញ្ញាឆ្នាំ ១៩៦៥ រវាងប្រទេសទាំងពីរដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាមគឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ៕






