ដោយ ប៊ី
ភ្នំពេញៈ វិនិយោគកូរ៉េខាងត្បូង កំពុងស្វែងរកឱកាសវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្ត រាល់ការវិនិយោគដើម្បីជំរុញដល់សេដ្ឋកិច្ច។
លោក Sang Won Park ប្រធានវេទិការអាសាន-កូរ៉េ និងសមាគមកម្ពុជា-កូរ៉េ និងបានដឹកក្រុមអ្នកវិនិយោគមកកាន់កម្ពុជា បានថ្លែងក្នុងកិច្ចពិភាក្សារវាងអ្នកវិនិយោគកូរ៉េ និងកម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកាថា លោកមានមោទនភាព ដែលបេសកម្មលើកដំបូងមកាន់ភ្នំពេញ កម្ពុជា។
កិច្ចពិភាក្សារវាងអ្នកវិនិយោគកូរ៉េ ដែលស្វែងរកឱកាសវិនិយោគនៅកម្ពុជា គឺផ្តោតលើកិច្ចសហប្រតិបត្តិការលើវិនិស័យកែសម្ផស្ស គ្រឿងបន្លាស់រថយន្ត កសិកម្ម និងមានបំណងបើកសាកលវិទ្យាល័យកែសម្ផស្សនៅកម្ពុជា។
លោក Sang Won Park បានថ្លែងថា “ខ្ញុំសង្ឃឹមថា ជំហានដំបងនៃបេសកម្មនឹងកាន់តែការផ្លាស់ប្តូរសេដ្ឋកិច្ចបន្ថែមទៀតរវាងកូរ៉េ និងកម្ពុជា និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក”។ លោកបន្តថា “យើងនឹងព្យាយាមឱ្យអស់ពីចិត្ត ដើម្បីធានាថានឹងបន្តអភិវឌ្ឍ និងលោកកម្ពស់បេសកម្មនេះជារៀងរាល់ឆ្នាំ ដើម្បីបម្រើជាវេទិកាមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច”។
លោក ទី សុគន្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសា្វគមន៍ចំពោះរាល់ការវិនិយោគនៅកម្ពុជា ដែលរដ្ឋាភិបាលលើកទឹកចិត្តក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជា។
លោកបានឱ្យដឹងថា បច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូងមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយការហោះហើររបស់កូរ៉េត្រង់មកកាន់កម្ពុជា មានជាង ៥០ ជើងក្នុងមួយសប្តាហ៍។ ចំណែកវិស័យទេសចរណ៍ ការមកដល់របស់ភ្ញៀវទេសចរកូរ៉េត្បូងមានចំនួនជាង៣០ម៉ឺននាក់។
ចំណែកពលករកម្ពុជាទៅធ្វើការនៅកូរ៉េចំនួន ៦១,៦០០នាក់ ក្នុងនោះស្ត្រីខ្មែរជាង ៨ ពាន់នាក់បានរៀបការជាមួយបរុសកូរ៉េ ហើយបុរសកម្ពុជាជាង៤០០នាក់ បានរៀបការជាមួយស្ត្រីកូរ៉េ។
ជំនួយឥតសំណងផ្លូវការរបស់កូរ៉េ សម្រាប់កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី៤ បន្ទាប់ពីចិន ជប៉ុន និង ADB។ ចាប់ឆ្នាំ១៩៩៧ ទៅ ២០១៨ កូរ៉េបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាជាង៣០០លានដុល្លារ និងផ្តល់ជាកម្ចីជាង៧៦០លានដុល្លារ។
លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ និងលើកទឹកចិត្ត ហើយសន្យាជួយសម្របសម្រួលអ្នកវិនិយោគកូរ៉េ ដែលមានបំណងចង់វិនិយោគលើគ្របវិស័យនៅកម្ពុជា។

អ្នកវិនិយោគកូរ៉េអាចធ្វើការជាមួយសភាពាណិជ្ជកម្មកម្ពុជា ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងជួយសម្របសម្រួលដល់ការស្វែងរកឱកាសវិនិយោគ របស់អ្នកវិនិយោគកូរ៉េនៅកម្ពុជា៕






