ដោយ Donald Lee
ភ្នំពេញ៖ ប្រទេសដែលមានសេដ្ឋកិច្ចធំទី២នៅអាស៊ីអាគ្នេយ៍ (ថៃ) បានកើនឡើង ២,៤ ភាគរយនៅក្នុងត្រីមាសទី៣ ទោះបីមានការធ្លាក់ចុះក្នុងការនាំចេញក៏ដោយ។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ច ដែលចេញផ្សាយដោយរដ្ឋាភិបាលថៃកាលពីថ្ងៃចន្ទ។
របាយការណ៍របស់ខ្លួនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមជាតិថៃបានលើកឡើងថា “ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ បានកើនឡើង ២,៤ភាគរយបើប្រៀបធៀបនឹងការកើនឡើង ២,៣ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៩ ដែលជំរុញដោយការកើនឡើងនូវការចំណាយប្រើប្រាស់ និងការវិនិយោគចុងក្រោយរបស់ឯកជន និងរដ្ឋាភិបាល។ ទោះជាការនាំចេញ និងនាំចូលទំនិញបានធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ”។
សេដ្ឋកិច្ចថៃបានឈានទៅរកការធ្លាក់ចុះចាប់តាំងពីដើមឆ្នាំនេះ ដោយសារតែប្រាក់បាតឡើងថ្លៃ និងភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន។ ធនាគារថៃបានទម្លាក់អត្រាការប្រាក់ពីរដងក្នុងឆ្នាំនេះ ដើម្បីគ្រប់គ្រងរូបិយវត្ថុជាតិ ដោយសារតែផលប៉ះពាល់លើការនាំចេញ និងវិស័យទេសចរណ៍។
រូបិយប័ណ្ណថៃស្ថិតក្នុងចំណោមរូបិយប័ណ្ណ ដែលកើនឡើងខ្លាំងបំផុតនៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ប្រាក់បាតឡើងថ្លៃជាង៥ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆមាសទីមួយនៃឆ្នាំនេះ។
ប្រាក់បាតឡើងថ្លៃជាងរូបិយប័ណ្ណផ្សេងៗទៀតនៅអាស៊ី។ ប្រាក់បាតឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៦ឆ្នាំនៅឆ្នាំនេះ។

ធនាគារកណ្តាលថៃ បានទម្លាក់អត្រាការប្រាក់មកនៅត្រឹម ១,២៥ភាគរយ កាលពីដើមខែនេះ ដែលជាអត្រាមួយដែលមិនបានមើលឃើញ ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៩៕






