ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រទេសកម្ពុជានឹងទទួលប្រតិភូជាង ២០០០លានមកពី ១៥០ប្រទេសនៅលើពិភពលោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ឆ្នាំ២០១៩នេះ ដែលអ្នកជំនាញនិងសេដ្ឋវិទូអះអាងថា តាមរយៈព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ កម្ពុជា នឹងទទួលបានផលប្រយោជន៍ជាច្រើន លើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងៗ ដែលជាសមាសភាពចូលរួមប្រជុំ ថែមទាំងមានឱកាសជំរុញវិស័យពាណិជ្ជកម្មឱ្យមានភាពល្អប្រសើរ។
កិច្ចប្រជុំកំពូលអាស៉ីប៉ាស៉ីហ្វិក ២០១៩ ឬ Asia Pacific Summit 2019 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ដោយផ្ដោតទៅលើប្រធានបទស្ដីពី ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាព និងតម្លៃសកល។ តាមការគ្រោងទុក សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមួយនេះ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា តាមរយៈកិច្ចប្រជុំវិលជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើន បន្ថែពីលើការផ្តល់ទំនុកចិត្តពីបណ្តាប្រទេសនានា ដែលជាសមាសភាពចូលរួមប្រជុំក្រោមការផ្តល់ឱកាសក្នុងនាមជាម្ចាស់ផ្ទះ។
លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា “យើងអាចទទួលបានផលចំណេញច្រើនពីកិច្ចប្រជុំមួយនេះ ដែលក្នុងនោះរួមមានដូចជា ភាពល្អប្រសើរទាំងផ្នែកនយោបាយ ទាំងវិស័យការទូតអន្តរជាតិ ជាពិសេសវិស័យពាណិជ្ជកម្មថ្នាក់អន្តរជាតិ”។ លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងកិច្ចប្រជុំមួយនេះ ថ្នាក់ដឹកនាំនឹងលើកយកពីចំណុចខ្វះខាត និងចំណុចល្អប្រសើររបស់កម្ពុជា ដែលបង្ហាញពីសក្ដានុពល និងឱកាសក្នុងការវិនិយោគនៅកម្ពុជា ដើម្បីអាចអូសទាញការចាប់អារម្មណ៍ ពីសំណាក់អ្នកតំណាងប្រទេសក៏ដូចជាបណ្តាធុរកិច្ចដែលបានចូលរួមប្រជុំ”។
លោកឧកញ៉ាបន្តទៀតថា ក្រៅពីមានសក្ដានុពលលើវិស័យកសិឧស្សាហកម្ម កម្ពុជា នៅមានវិស័យទេសចរណ៍វប្បធម៌ ធម្មជាតិជាច្រើនទៀត រួមជាមួយនឹងសក្ដានុពលធនធានធម្មជាតិដ៏សប្បូរបែបដែលយើងនៅមិនទាន់ប្រើប្រាស់នៅឡើយ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានឱ្យដឹងដែរថា កាលពីពេលកន្លងទៅការចាត់ ចែងកិច្ចប្រជុំមួយនេះ គឺត្រូវធ្វើឡើងដោយសហរដ្ឋអាមេរិក និងបានទាញយកផលប្រយោជន៍មួយចំនួនធំ ចេញពីកិច្ចប្រជុំបណ្តាប្រទេសនានានៅទូទាំងពិភពលោកមួយនេះ។
លោកបន្តទៀតថា “កាលដែលយើងមានឱកាសបានក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំនេះ ខ្ញុំគិតថាមានគុណសម្បត្តិច្រើនសម្រាប់កម្ពុជា ដែលទាញយកផលចំណេញទាំងផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ច ការពង្រីកវិស័យពាណិជ្ជកម្ម ក៏ដូចជាបង្កើនកិច្ចទំនាក់ទំនងលើការវិនិយោគបន្ថែមទៀតផងដែរ”។
លោកហុង វណ្ណៈ បានបន្តទៀតថា “នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំប្រទេស ក៏ដូចជាវាគ្មិនតំណាងប្រទេស នឹងឡើងធ្វើបទបង្ហាញពីផែនការប្លង់គោលនៃការអភិវឌ្ឍប្រទេសរៀងៗខ្លួន ខណៈដែលកម្ពុជា គឺជាប្រទេសមួយដែលតូចនៅក្នុងតំបន់ អាចមានលទ្ធភាពត្រឹមតែសម្របសម្រួល រៀបចំដោយមិនមានភាពលំអៀង និងទាញយកផលប្រយោជន៍ពីបណ្តាប្រទេសដែលរីកចម្រើន ជឿនលឿនក្នុងផ្នែកណាមួយដែលអាចធ្វើទៅបាន”។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រទេសមហាអំណាចមួយចំនួនបានគិតថា កម្ពុជាហាក់មានភាពលំអៀងទៅកាន់រដ្ឋាភិបាលចិន ប៉ុន្តែវាជាឱកាសដ៏ល្អបំផុតសម្រាប់កម្ពុជា ក្នុងការបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនក្នុងការរៀបចំ និងសម្រប សម្រួលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ឆ្នាំ២០១៩នេះ៕






