ការចូលរួមវេទិកានានាទេសចរណ៍នានាផ្តល់ផលចំណេញដល់វិស័យទេសចរណ៍

0

ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា កម្ពុជាទទួល​បានផលចំណេញច្រើន ពីការចូលរួមវេទិកាទេសចរណ៍អាស៊ាន ដែលប្រារពធ្វើនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា។

សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជន លោក លូ ម៉េង បានថ្លែង ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុននៅកម្ពុជាចន្លោះពី​២០ទៅ៣០ក្រុមហ៊ុន បានចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាននៅប្រទេសថៃ ដែលបានចាប់ផ្តើមពីថ្ងៃទី២១ ដល់២៤ មករានេះ។ លោក​បន្តថា រដ្ឋមន្រ្តីទេស​ចរណ៍ឯកឧត្តមថោង ខុនបានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុង​វេទិកា ដែលប្រារពធ្វើឡើងរៀងរាល់១ឆ្នាំម្តងនេះ។

លោកបន្តថា “ការចូលរូមក្នុងវេទិកាបែបនេះ ជាការផ្តល់ផលប្រយោជន៍ច្រើនដល់អ្នក​នៅក្នុងវិស័យនេះ ដែលពួកគេអាចបង្ហាញផលិតផលរបស់ពួកគេ ទាក់ទងនឹង​សេវាកម្មទេសចរណ៍ ផលិតផលទេសចរណ៍ សេវាកម្មដឹកជញ្ជូនជាដើម”។

វេទិកាទេសចរណ៍អាស៊ាន ឬ Asean Tourism forum នេះ ធ្វើឡើង​ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ឬរដ្ឋមន្រ្តីទេសចរណ៍មកពីបណ្តាប្រទេសជាសមា​ជិកអាស៊ានទាំង១០ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅប្រទេ​សរបស់ពួកគេ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងឲ្យដឹងផងដែរថា វេទិកាដែលធ្វើឡើងមានលក្ខណៈវិលជុំនេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះបីលើកមកហើយ។ យោងតាមគោលនយោបាយរបស់អង្គការទេស​ចរណ៍ពិភពលោក (WTO) អង្គការទេសចរណ៍នានា ត្រូវសហការជាមួយ WTO ដើម្បីធ្វើការរួមគ្នា ក្រោមទស្សនវិស័យខុសៗគ្នាដើម្បីសម្រេចបាននូវផលប្រយោ​ជន៍ពីវិស័យនេះ។លោកបន្តថា តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះ វេទិកាទេសចរណ៍អាស៊ាននេះ ជាការផ្តល់ឳកាសឲ្យប្រទេ​ស​និមួយៗ ធ្វើបច្ចុប្បន្នភាពពីតំបន់ទេសចរណ៍របស់ខ្លួន ដើម្បីផ្សព្វផ្សាយក្នុងវេទិ​កានេះ។

លោកបន្តថា វេទិកានេះក៏ផ្តល់ឳកាសឲ្យអ្នកទិញ អ្នកលក់ជួបគ្នា ដើម្បីបង្ហាញ ឬលក់កញ្ចប់ទស្សនកិច្ចរបស់ពួកគេ និងជាឳកាសដែលប្រទេសនិមួយៗ អាចផ្សព្វផ្សាយពីសេវាកម្ម រមណីយដ្ឋាន និងកញ្ចប់ទេសចរណ៍របស់ពួកគេរៀងៗខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here