ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលនឹងផ្តល់កាដូដ៏ធំចំនួន៥ប្រចាំឆ្នាំ ជូនប្រជាពលរដ្ឋសម្រាប់ចំណងដៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
កាដូដ៏ធំនោះ រួមមាន ទី១ ការដាក់ឲ្យដំណើរការ ការធ្វើដំណើរតាមផ្លូវទឹក ចេញពីតំបន់ព្រែកព្នៅ មកកាន់ក្រុងតាខ្មៅ ដោយឆ្លងកាត់ផែចំនួន១៦កន្លែង ទី២ ការដាក់ឲ្យដំណើរការនូវខ្សែរថភ្លើង ចេញពីស្ថានីយ៍រាជាយស្ម័យាន ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលគំរោងនេះវិនិយោគដោយក្រុមហ៊ុន Role Toy ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Royal Group។ ទី៣ ស្ពានអាកាសផ្សារដី ហុយ ដែលលូនឆ្លងកាត់មហាវិថីសហព័ន្ឋរុស្ស៊ី ក៏នឹងបើកឲ្យដំណើរការមុន ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិផងដែរ។
ទី៤ ការដាក់ឲ្យដំណើរការស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ ដែលមានប្រវែងជាង៥០០ម៉ែត្រ និងវិនិយោគដោយក្រុមហ៊ុន OCIC លើ់ទឹកប្រាក់ប្រមាណ៩លានដុល្លារអាមេរិក និងទី៥ ស្ពានកោះប៉ែន ដែលមានប្រវែងជាង៩០០ម៉ែត្រ ភ្ជាប់ទឹកដីស្រុកកោះសូទិន មកកាន់ក្រុង កំពង់ចាម។
គំរោងនេះត្រូវបានប្រកាសដោយរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការដដែល លោកវ៉ា ស៊ីមសូរិយាបានថ្លែងថា ការផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ជាមធ្យោបាយថ្មីមួយទៀតសម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសកាត់បន្ថយការធ្វើដំណើរតាមផ្លូវគោក ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តថា “វាជាការផ្តល់ជម្រើសងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរកាត់តាមបណ្តាញផ្លូវនេះ ព្រោះគំរោងនេះមានកំពង់ផែច្រើន សម្រាប់ប្រជាពលរដ្ឋអាចឈប់សំចត និងរង់ចាំកាណូតលឿន សម្រាប់ធ្វើដំណើរ”។លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនដឹងពីទំហំចំណាយ សម្រាប់គំរោងនេះនោះទេ”។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានសម្រេចសមិទ្ឋិផលជាច្រើន ដួចជា ការដាក់ឲ្យដំនើរការប្រព័ន្ឋស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីរយានយន្ត ការពង្រឹងការត្រួតពិនិត្យរថយន្ត ខុសបទដ្ឋានបច្ចេកទេស និងគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនទៀតនាពេលខាងមុខ។
បច្ចុប្បន្នផ្លូវជាតិសំខាន់ៗជាច្រើនកំពុងពង្រីកដូចជា គំរោងពង្រីកផ្លូវជាតិលេខ៥ ការពង្រីកផ្លូវជាតិលេខ៣ ការពង្រីកផ្លូវជាតិលេខ២ និងគំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ៕