ដោយ វុត្ថា
ភ្នំពេញ៖ ឥណ្ឌាគ្រោងបង្កើតសភាពាណិជ្ជកម្មឥណ្ឌា-កម្ពុជាប្រចាំនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នាបន្ថែមទៀតលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានពិភាក្សាគ្នាអំពីនីតិវិធី និង លក្ខខណ្ឌពាក់ព័ន្ធសម្រាប់ការបង្កើតសភាពាណិជ្ជកម្មឥណ្ឌា-កម្ពុជានៅកម្ពុជា ដែលជាការឆ្លើយតបនឹងសំណើរបស់ភាគីឥណ្ឌានៅក្នុងប្រទេសកម្ពុជា។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរដែរថា ការបង្កើតសភាពាណិជ្ជកម្មកប្រចាំនៅកម្ពុជាកាន់ច្រើនកាន់តែល្អសម្រាប់ប្រទេសកម្ពុជា ដើម្បីឱ្យកម្ពុជាមានដៃគូទំនាក់ទំនងឱ្យកាន់តែជិតស្និតរវាងកម្ពុជា និងឥណ្ឌា។
លោកឧកញ៉ាបន្ថែមថា “យើងសូមស្វាគមន៍នូវគម្រោងរបស់ឥណ្ឌា ដែលគ្រោងបង្កើតសម្ភាពាណិជ្ជកម្មនៅកម្ពុជានេះ ហើយវាក៏ជាសញ្ញាដ៏ល្អបន្ថែមទៀតដល់ប្រទេសកម្ពុជា ព្រោះប្រទេសឥណ្ឌារមានសេដ្ឋកិច្ចធំមួយដែលបានចាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្មនៅកម្ពុជា”។
លោកឧកញ៉ា លឹម ហេងបញ្ជាក់ទៀតថា កម្ពុជា-ឥណ្ឌាកន្លងមកនេះ បានធ្វើពាណិជ្ជកម្មផ្តោតសំខាន់លើវិស័យសុខាភិបាលច្រើនជាពិសេស។ ហើយបន្ទាប់ពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា-ឥណ្ឌារួចហើយ សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញវិស័យទេសចរណ៍កាន់តែកើនឡើងថែមទៀត ព្រោះប្រជាជនឥណ្ឌាមានចំនួនច្រើន។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបានចេញផ្សាយកន្លងមកនេះ បាន ឱ្យដឹងថាទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសឥណ្ឌា មិនទាន់ឈានដល់ការកំណត់ទិសដៅទំហំទឹកប្រាក់ជួញដូរទំនិញ ដូចដែលកម្ពុជាបានធ្វើជាមួយប្រទេសមួយចំនួនផ្សេងទៀតនៅឡើយទេ។ តែក្រសួងពាណិជ្ជកម្មអះអាងថា ប្រទេសទាំងពីរនឹងខិតខំជំរុញសកម្មភាពដោះដូរទំនិញ វិនិយោគ និងទេសចរណ៍ទ្វេភាគីបន្ថែមទៀត៕






