អគ្គ​នាយដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំណូល​ជាង ២៤០០លាន​ដុល្លារ​ក្នុងរយៈពេល ១០ខែ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​៖ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ប្រមូល​បាន​ចំណូល​សម្រាប់​ថវិការ​ជាតិ​ចំនួន​ប្រមាណ​ជាង២៤០០លាន​ដុល្លារ​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០១៩​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨កន្លងទៅ​មានការ​កើនឡើង​រហូតដល់​ប្រមាណ២៨,៣១ភាគរយ​ ដែល​ចំនួន​នេះ​លើស​ពី​ផែនការ​ប្រចាំឆ្នាំ​។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្ដីពី​ លទ្ធផល​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​តុលា​ ឆ្នាំ២០១៩​ បាន​បង្ហាញថា​ នៅ​ត្រឹម​យៈ​ពេល​ ១០ខែ​ ឆ្នាំ២០១៩នេះ​ ចំណូល​ពន្ធ​-អាករ​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ មាន​ចំនួន​ ៩ ៦១៦.៨៣​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ ២៤០៤.២១​ លាន​ដុល្លារ​អាមេរិក​ កើនឡើង២៨.៣១ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៨​។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​តុលា​ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ ឆ្នាំ២០១៩​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ លោក​ គង់​ វិបុល​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​បញ្ជាក់​ថា​កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ព្រោះ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT​ Refund​) ដែល​បច្ចុប្បន្ន​អ្នកជាប់ពន្ធ​ និង​សហគ្រាស​ មានការ​យល់ដឹង​ច្រើន​ ក៏ដូចជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​។

លោក​បាន​បង្ហាញ​បញ្ជាក់​ថា​ ក្នុង​ខែតុលា​ ឆ្នាំ២០១៩​ ចំណូល​ពន្ធ​-អាករ​ ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​ Online​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​) មាន​ចំនួន​ ៨៨៧,៦៤ប៊ី​លាន​រៀល​ (ប្រមាណ២២១,៩១លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ ៩,៧០ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​ កើនឡើង​ប្រមាណ ២១,៨៥ភាគរយ​ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ២០១៨​ ដែល​ចំណូល​ពន្ធ​-អាករ​ក្នុង​ខែតុលា​ ប្រមូល​បាន​ត្រឹម១៥៦,១៩ប៊ី​លាន​ ស្មើនឹង​ប្រមាណ៣៩,៧៩លាន​ដុល្លារ​តែប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​រយៈពេល១០ខែ​ក្នុង​ឆ្នាំ២០១៩នេះ​ ចំណូល​ពន្ធ​-អាករ​សរុប​ដែល​អគ្គនាយក​ដ្ឋាន​ប្រមូល​បាន​(តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ ឡាញ​) មាន​ចំនួន៩៦១៦,៨៣ប៊ី​លាន​រៀល​ (២៤០៤,២១លាន​ដុល្លារ​) ស្មើនឹង១០៥,០៦ភាគរយ​នៃ​ផែនការ​ប្រចាំឆ្នាំ​។ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ មានការ​កើនឡើង២១២១,៩៩ប៊ី​លាន​រៀល​ (ប្រមាណ៥៣០,៥០លាន​ដុល្លារ​) ស្មើនឹង​ប្រមាណ២៨,៣១ភាគរយ​ ។

លោក​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព​ ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ វិន័យ​ការងារ​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ត្រូវ​មាន​ភាព​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​ និង​គ្រប់ជ្រុងជ្រោយ​ដោយ​ប្រកាន់​នូវ​ «ទម្លាប់​ហ្មត់ចត់​ លើ​កិច្ចការ​តូចតាច​ ទើប​អាច​មានឱកាស​ទទួល​កិច្ចការ​ធំ​បាន​» ដែល​នេះ​ជា​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here