ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី”កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន” នៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យ នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ និងគោលបំណងពង្រឹងការយល់ដឹងដល់សាធារណៈជន ពីការប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា-ចិន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថា កម្ពុជានឹងបើកកិច្ចចរចាធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ហើយនឹងបញ្ចប់ក្នុងរយៈពេលខ្លី។
សម្តេចតេជោថា “ការធ្វើពាណិជ្ជកម្មសេរីជាមួយចិននេះ នឹងធ្វើឲ្យពាណិជ្ជកម្មរបស់កម្ពុជាកាន់តែប្រសើរ ហើយការរកស៊ីជាមួយចិននេះ មិនមែនមានតែកម្ពុជាឡើយ សូម្បីអាមេរិក ក៏រកស៊ីជាមួយចិនដែរ”។
ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងកាលពីកន្លងមកថា ដើម្បីសម្រេចឈានដល់កុងសុងស៊ីសចម្បង នៃថ្នាក់ដឹកនាំកំពូលរវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងរៀបចំកិច្ចពិភាក្សាផ្លូវការលើកដំបូងស្តីអំ ពីការសិក្សាស្រាវជ្រាវលទ្ធភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីចិន និងកម្ពុជា ក្នុងរដ្ឋធានីប៉េកាំង ថ្ងៃទី៣ ខែធ្នូ នាពេលខាងមុខនេះ។
ប្រភពដដែលបន្តថា នេះជាការរៀបចំដ៏ពិសេសមួយនៃភាគីចិន ដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ពេលមុននេះ ថ្នាក់ប្រតិបត្តិការងារនៃស្ថាប័នពាណិជ្ជកម្មរវាងភាគីចិន និងកម្ពុជាបានបង្កើតយន្តការទំនាក់ទំនងរួចជាស្រេច ដើម្បីជម្រុញកិច្ចការ ដែលពាក់ព័ន្ធឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធល្អ៕






