រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ជំរុញ​ឲ្យ​ចិន​វិនិយោគ​លើ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ចិន​ទាំងអស់​ ជាពិសេស​ អ្នក​វិនិយោគ​មក​ពី​ខេត្ត​ហ៊ូ​ណាន​ ឱ្យ​ចូលរួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​វិនិយោគ​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា​ ជាពិសេស​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ ។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ ក្រុមហ៊ុន​ចិន​ មក​ពី​ខេត្ត​ហ៊ូ​ណាន​ កាលពី​ថ្ងៃទី​ ១៩​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ បានឱ្យ​ដឹង​គម្រោង​ជាច្រើន​ដែល​ត្រូវ​វិនិយោគ​ដូចជា​ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​កំពង់ផែ​ ផ្លូវ​តាម​តំបន់​ព្រំដែន​ គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ ភ្នំពេញ​-បាវិត​ ភ្នំពេញ​-សៀមរាប​ និង​សិរីសោភ័ណ​-សៀមរាប​ គម្រោង​តភ្ជាប់​ផ្លូវដែក​ពី​រាជធានី​ភ្នំពេញ​ទៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញថ្មី​ គម្រោង​សាងសង់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​(MRT​) ក្នុង​រាជធានី​ភ្នំពេញ​ គម្រោង​សាងសង់​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ ឃ្លាំង​ ចំណត​កុងតឺន័រ​ និង​ផែស្ងួត​ គម្រោង​សាងសង់​កំពង់ផែ​ទឹកសាប​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ និង​ទន្លេសាប​ គម្រោង​សាងសង់​ប្រព័ន្ធ​ និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​ក្រុង​ធំៗ​ និង​ខេត្ត​ជាប់​សមុទ្រ​ផង​ដែរ​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ កម្ពុជា​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ដែល​ជាទី​តាំង​យុទ្ធ​សាស្រ្ត​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ធ្វើជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ និង​ការ​តភ្ជាប់​តំបន់​ ហើយ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​ រួម​ជាមួយនឹង​កម្លាំង​ពលកម្ម​វ័យក្មេង​ជាច្រើន​ប្រកបដោយ​ភាព​ឧស្សាហ៍​ព្យាយាម​ និង​ស្វាហាប់​ រួម​ទាំង​មានច្បាប់​វិនិយោគ​មួយ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) ជា​ភ្នាក់ងារ​វិនិយោគ​នៃ​ច្រកចេញ​-ចូល​តែមួយ​សម្រាប់​ការ​វិនិយោគ​ រួម​ទាំង​មានការ​លើកទឹកចិត្ត​ជាច្រើន​ផ្សេងទៀត​។លោក​រដ្ឋមន្ត្រី​ សង្ឃឹម​ជឿជាក់​ថា​ ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ រវាង​កម្ពុជា​ និង​ចិន​ នឹង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ចិន​ ពិចារណា​នូវ​កាលានុវត្ត​ភាពជា​ច្រើន​សម្រាប់​ការ​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ហើយ​តាមរយៈ​ព្រឹត្តិ​ការណ៍​នា​ថ្ងៃនេះ​ ទំនាក់ទំនង​រវាង​ខេត្ត​ហ៊ូ​ណាន​ និង​កម្ពុជា​ នឹង​កាន់តែ​ភាពល្អ​ប្រសើរ​ឡើង​ថែមទៀត​។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ក្នុង​ការ​បំពេញ​តួនាទី​ជា​អ្នកសម្របសម្រួល​ ដល់​វិស័យ​ ឯកជន​ ជាពិសេស​ អ្នក​វិនិយោគ​ដែល​មក​ពី​ខេត្ត​ហ៊ូ​ណាន​ ដើម្បី​ចាប់ផ្តើម​ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ​ ២០១៥​-២០២៥​ ដែល​ត្រូវការ​ទុន​វិនិយោគ​ជាច្រើន​សម្រាប់​ អភិវឌ្ឍ​វិស័យ​អាទិភាព​នានា​រួម​ទាំង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​ ដែល​ត្រូវការ​ជាចាំបាច់​នូវ​ការចូលរួម​ពី​វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដើម្បី​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗ រួមមាន​៖ វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​ វិស័យ​ឧស្សាហកម្ម​កែច្នៃ​ វិស័យ​ផលិតកម្ម​កសិកម្ម​ ឬកសិ​-ឧស្សាហកម្ម​ វិស័យ​ផលិតកម្ម​ និង​ការកែច្នៃ​ម្ហូបអាហារ​ វិស័យ​ទេសចរណ៍​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here