សមាគម​ចុងភៅ​ពិភពលោក​ ចង់​ធ្វើ​កម្មវិធី​ទេសចរណ៍​ម្ហូបអាហារ​នៅមុខ​ប្រាសាទ​អង្គរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូល​មក​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ សមាគម​ចុងភៅ​ពិភពលោក​ និង​សមាគម​ចុងភៅ​កម្ពុជា​ បាន​បង្ហាញ​គម្រោង​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ និង​ម្ហូបអាហារ​ដ៏​ធំ​មួយ​នៅមុខ​ប្រាសាទអង្គរវត្ត​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាច្រើន​នាក់​ ឱ្យមក​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​។

សមាគម​ចុងភៅ​កម្ពុជា​ និង​សមាគម​ចុងភៅ​ពិភពលោក​ បាន​បង្ហាញ​ពី​បំណង​ចង់​រៀ​ចំ​ព្រឹត្តិ​កា​រណ៍ម្ហូវ​អាហារ​ប្រចាំឆ្នាំ​ នៅមុខ​ប្រាសាទអង្គរវត្ត​ នៅ​កំឡុង​ខែមេសា​ ឆ្នាំ២០២០​ ខាងមុខ​ ដោយ​ព្រឹត្តិ​ការណ៍​មួយ​នេះ​ ក៏​មាន​រៀបចំ​ជាសកម្ម​ភាព​សប្បុរសធម៌​ភ្ជាប់​ជាមួយ​សកម្មភាព​ទេសចរណ៍​ ពោល​គឺ​ដើម្បី​រៃអង្គាស​ថវិកា​យក​ទៅ​ជួយ​កុមារ​កំព្រា​ ជនរងគ្រោះ​ និង​ការងារ​មនុស្សធម៌​នានា​ ដែល​បាន​ពី​ការចូលរួម​របស់​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ជាច្រើន​នាក់​។

នៅក្នុង​កិច្ច​ជំនួប​សុំ​យោបល់​ និង​ពិភាក្សា​ការរៀបចំ​មហា​ព្រឹត្តិ​ការណ៍​ប្រចាំឆ្នាំ​ជាលើកដំបូង​កាលពី​ព្រឹក​ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ តំណាង​សមាគម​ចុងភៅ​ពិភពលោក​បាន​បញ្ជាក់​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ ថា​ ព្រឹត្តិ​ការណ៍​ខាងលើ​នេះ​ គឺ​ធ្លាប់​ត្រូវ​បាន​រៀបចំ​ប្រកបដោយ​ជោគជ័យ​ជាច្រើន​ដង​រួចមក​ហើយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ និង​វៀតណាម​ ហើយ​ឆ្នាំក្រោយ​នេះ​ សមាគម​ ពិតជា​ពេញចិត្ត​ចំពោះ​គោលដៅ​ទេសចរ​អង្គរ​-សៀមរាប​ជា​ខ្លាំង​។

ព្រឹត្តិ​ការណ៍​ទេសចរណ៍​ និង​ម្ហូបអាហារ​ខាងលើ​នេះ​ គឺជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ទូទាំង​ពិភពលោក​ ហើយ​តាមរយៈ​ការចូលរួម​ជាមួយ​ព្រឹត្តិ​ការណ៍​នេះ​ ភ្ញៀវ​ទេសចរ​ក៏​នឹង​ចេញទៅ​ទស្សនា​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​របស់​កម្ពុជា​ផង​ដែរ​ ពិសេស​រមណីយដ្ឋាន​អង្គរ​ ក្រុង​សៀមរាប​ ក៏ដូចជា​តំបន់​ជុំវិញ​។

ជា​ការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​សមាគម​ចុងភៅ​កម្ពុជា​ និង​សមាគម​ចុងភៅ​ពិភពលោក​ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោង​ ខុន​ បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលបំណង​ និង​សំណើសុំ​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ និង​ម្ហូបអាហារ​នេះ​ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​ ការ​រៀ​ចំ​ព្រឹត្តិ​ការណ៍​នេះ​ទៅ​បាន​ គឺ​ត្រូវ​បាន​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ និង​សុំ​ការ​ឯកភាព​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ និង​រដ្ឋបាល​ខេត្តសៀមរាប​ជាមុន​សិន​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ទំនុក​ថា​ “ក្រសួងទេសចរណ៍​ នឹង​ដាក់​សំណើ​ជូន​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​សុំ​ការអនុញ្ញាត​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​នេះ​ឡើង​ ព្រមទាំង​នឹង​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ រដ្ឋបាល​ខេត្តសៀមរាប​ និង​សមាគម​ទាំងពីរ​ជាបន្តបន្ទាប់​ទៀត​”។

ដើម្បី​ជំរុញ​ការងារ​នេះ​ លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ ក៏បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​របស់ក្រ​សួង​ទេសចរណ៍​ ត្រូវ​ធ្វើការងារ​ពាក់ព័ន្ធ​ជាមួយ​សមាគម​ទាំងពីរ​ខាងលើ​ឱ្យ​បាន​ជិតស្និទ្ធ​ ដើម្បី​រួមគ្នា​បង្កើត​ផលិតផល​ទេសចរណ៍​ដ៏​ពិសេស​មួយ​ជូន​ភ្ញៀវ​ទេសចរ​ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ ទៅកាន់​ទេសចរ​អន្តរ​ជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ តាមរយៈ​ព្រឹត្តិ​ការណ៍​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here