ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បង្កើន និងពង្រឹងកិច្ចសប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំទូលាយជាមួយកម្ពុជាបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Qasim Khan Suri អនុប្រធានសភាជាតិនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ កម្ពុជានិងប៉ាគីស្ថាន មានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ពិសេសប៉ាគីស្ថានបានទទួលស្គាល់ឯករាជ្យកម្ពុជាតាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។
សម្តេចតេជោ ចង់ឲ្យភាគីទាំងពីរស្វែងរកមធ្យោបាយក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម។
ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានចំនួនតិចតួចនៅឡើយ ដូច្នេះសម្តេចតេជោ ចង់ភាគីទាំងពីរជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរអោយមានការកើនឡើងថែមទៀត។
លោក Qasim Khan Suri អនុប្រធានប៉ាគីស្ថាន បានឱ្យដឹងដែរថា ប្រទេសទាំងពីរ គឺមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឲ្យមានកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។

លោកក៏បានកោតសរសើរពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ។ ហើយអ្វីដែល លោក ចង់បានគឺបង្កើនការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំទៅវិញទៅមកផងដែរ៕






