ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា-ចិន បានធ្វើការប្តេជ្ញាររួមគ្នាក្នុងការជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ រួមគ្នា ដើម្បីឈានទៅរកការសម្រេចពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ ។
បច្ចុប្បន្ននេះ កម្ពុជាបានក្លាយទៅជាគោលដៅវិនិយោគយ៉ាងសំខាន់សម្រាប់វិនិយោគិនមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសប្រទេសចិនដែលកំពុងតែឈរនៅលេខរៀងលំដាប់កំពូល ដែលអាចជួយពង្រឹងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបានយ៉ាងល្អប្រសើរ។
កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទំនាក់ទំនងល្អ និងជាប្រពៃណីរវាងកម្ពុជា-ចិន និងការអនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាផ្លាស់ប្ដូរមុខមាត់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោកបានបន្តទៀតថា “ក្រោមកិច្ចគាំទ្រពីសំណាក់ប្រទេសជាមិត្ត នៃរដ្ឋាភិបាលចិន កម្ពុជាបានរក្សានូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនយ៉ាងរឹងមាំក្នុងរង្វង់ ៧ភាគរយជាប្រចាំ តាមរយៈការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍ ហើយទំហំពាណិជ្ជកម្មនេះគ្រោងនឹងកើនដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ខាងមុខ”។
នេះជាការលើកឡើងរបស់លោកទេសចរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល នៅក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនចិន មកពីខេត្តហ៊ូណាន ដឹកនាំដោយឯកឧត្ដម Du Jianhao លេខាធិការនៃគណៈកម្មាធិការបក្សកុំម្មុយនីសចិន ខេត្តហ៊ូណាន ក្នុងព្រឹត្តិការណ៍ជំរុញការវិនិយោគ និងពិព័រណ៍សម្ភារផ្គត់ផ្គង់ និងផលិតផលឧស្សាហកម្មប្រទេសចិនរបស់ខេត្តហ៊ូណាន ដែលរៀបចំឡើងដោយ មន្ទីរពាណិជ្ជកម្មខេត្តហ៊ូណាន ប្រទេសចិន និងរដ្ឋបាលក្រុងឆាងសា កាលពីដើមសប្ដា៍កន្លងទៅនេះ។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ត្រូវការទុនវិនិយោគជាច្រើនសម្រាប់អភិវឌ្ឍវិស័យអាទិភាពនានារួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ ដែលត្រូវការជាចាំបាច់នូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីវិនិយោគលើវិស័យសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគចិនទាំងអស់ ជាពិសេស អ្នកវិនិយោគមកពីខេត្តហ៊ូណានឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានគម្រោងជាច្រើនដូចជា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែ ផ្លូវតាមតំបន់ព្រំដែន គម្រោងសាងសង់ផ្លូវដែកថ្មី ភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងសិរីសោភ័ណ-សៀមរាប គម្រោងតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញទៅកំពង់ផែស្វយ័តភ្នំពេញថ្មី គម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ(MRT) ក្នុងរាជធានីភ្នំពេញ គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំង ចំណតកុងតឺន័រ និងផែស្ងួត គម្រោងសាងសង់កំពង់ផែទឹកសាបនៅតាមបណ្តោយទន្លេមេគង្គ និងទន្លេសាប គម្រោងសាងសង់ប្រព័ន្ធ និងស្ថានីយចម្រោះទឹកកខ្វក់ នៅខេត្តក្រុងធំៗ និងខេត្តជាប់សមុទ្រផងដែរ ៕






