ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជា និងមីយ៉ាន់ម៉ា គ្រោងតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការខាងវិស័យវប្បធម៌ និងទេសចរណ៍ ស្របពេលខួបនៃទំនាក់ទំនងការទូត ៦៥ឆ្នាំ នឹងប្រារព្ធធ្វើនៅឆ្នាំក្រោយ។

-->
លោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យដឹងក្រោយកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ កន្លងមកនេះថា នៅឆ្នាំក្រោយជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សាគ្នាធ្វើយ៉ាងណា ដើម្បីជំរុញទំហំពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការ ខាងវិស័យវប្បធម៌ និងវិស័យទេសចរណ៍។
លោកបន្តថា ភាគីទាំងពីរ ក៏ធ្លាប់មានកិច្ចព្រមព្រៀងមួយចំនួន ហើយខិតខំអនុវត្តន៍ ជាពិសេសជំរុញការហោះហើរត្រង់ បើទោះបីជាកន្លងមក កម្ពុជា-មីយ៉ាន់ម៉ា ធ្លាប់មានការ ហោះហើរត្រង់ក៏ដោយ តែដោយសារមិនមានភ្ញៀវគ្រប់គ្រាន់ ក៏ត្រូវបានផ្អាកទៅវិញ។
លោកបន្ថែមថា ភាគីកម្ពុជាក៏បានស្នើឱ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក។ កន្លងមកក្នុងការបំពេញទស្សនកិច្ចរបស់លោកជំទាវ អុងសាន ស៊ូជីនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឱ្យភាគីមីយ៉ាន់ម៉ាបានពិនិត្យឆ្លើយតប ដើម្បីឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នាលើបញ្ហានេះ។
លោកធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) បានមានប្រសាសន៍ឱ្យថា ការតភ្ជាប់ឡើងវិញនូវជើងហើយត្រង់រវាងកម្ពុជា និងមីយ៉ាន់ម៉ាពិតជាល្អណាស់សម្រាប់ភាគី។ មិនត្រឹមតែប៉ុណ្ណោះប្រទេសនៅក្នុងតំបន់អាស៊ាននេះ ត្រូវតែមានជើងហោះហើរត្រង់ជាចាំបាច់ ដើម្បីផលយោជន៍ទៅវិញទៅមកលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។
លោកថា “ខ្ញុំសូមស្វាមគមន៍នូវគំនិតផ្តួចផ្តើម ឱ្យមានជើងហោះហើរត្រង់រវាងថ្នាក់ដឹកនំានៃប្រទេសទាំងពីរនេះ ព្រោះកន្លងមកនៅពេលដែលយើងចង់ធ្វើដំណើរត្រូវជិះតាមយន្តហោះ Emirate ឆ្លងកាត់ពីរទៅបីដំណាក់កាល តែបើមានជើងហោះហើរត្រង់ហើយសូមស្នើដល់ក្រុមហ៊ុនកំដាក់តម្លៃខ្ពស់ពេក”។
យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា នៅមានកម្រិតតិចតួចនៅឡើយ ដោយរយៈពេល៣ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២មានជិត២០លានដុល្លារ ហើយឆមាសទី១ ឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន ៣.៦៧លានដុល្លារ។
ភាគីទាំងពីរកាលពីពេលថ្មីៗនេះ ក៏បានបង្ហាញជំហររួមគ្នាក្នុងការពង្រឹង និងពង្រីក នូវទំនាក់ទំនង បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកើនឡើងកាន់តែច្រើនបន្ថែមទៀត៕