ថៃ​យក​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាអាទិភាព​ជាមួយ​កម្ពុជា​ និង​ប្រទេស​ចំនួន៤ទៀត​នៅ​ឆ្នាំ២០២០​

0

ដោយ​ ប៊ី​

បាង​កកៈ​ ប្រទេស​ថៃ​បាន​ដាក់ចេញ​ទិសដៅ​អាទិភាព​លើ​ការ​ទូទាត់​ និង​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជាមួយ​កម្ពុជា​ និង​ប្រទេស​អាស៊ាន​មួយចំនួន​ទៀត​នៅ​ឆ្នាំ២០២០​។

ថៃ​មាន​គោលដៅ​លើកកម្ពស់​ការ​ទូទាត់​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ២០២០​ ដែល​ផ្តល់​អាទិភាព​ដល់​ការ​ទូទាត់​ និង​ផ្ទេរ​ប្រាក់​ឆ្លង​ព្រំដែន​ ក្នុង​គោលបំណង​ជំរុញ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ តាមរយៈ​វេទិកា​ឌីជីថល​នៅ​ទូទាំង​អាស៊ាន​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ប្លុក​ក្នុង​តំបន់​។

ជាមួយនឹង​គោលដៅ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងរយៈពេល៣ឆ្នាំ​ រហូតដល់​ឆ្នាំ២០២២​ ប្រតិបត្តិ​ការ​ឆ្លងដែន​គឺជា​ការ​ផ្តោត​សំខាន់​នៅ​ឆ្នាំក្រោយ​។

លោក​ Yos​ Kimsawas​ ប្រធាន​ផ្នែក​ប្រព័ន្ធ​ទូទាត់ប្រាក់​នៅ​សមាគម​ធនាគារ​ថៃ​ បាន​ថ្លែង​ថា​ សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​លើ​វេទិកា​ឌីជីថល​ នឹង​មាននៅ​ទូទាំង​តំបន់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០​។

ធនាគារ​ក្នុង​ស្រុក​ជាច្រើន​ បាន​បង្កើត​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ ក្នុង​ការរៀបចំ​សម្រាប់​ការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​ និង​ការផ្ទេរ​ប្រាក់​។

លោក​ Srihanath​ Lamsam​ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ធនាគារ​ Siam​ Commercial​ Bank​ (SCB​) បានឱ្យ​ដឹង​ថា​ធនាគារ​ SCB​ គ្រោង​នឹង​ដាក់ចេញ​ការ​ទូទាត់​ឆ្លង​ព្រំដែន​ តាមរយៈ​បច្ចេកវិទ្យា​ QR​ ក្រោម​ស្តង់ដារ​អន្តរ​ប្រតិបត្តិ​ការ​អាស៊ាន​ និង​ការផ្ទេរ​ប្រាក់​ឆ្លង​ព្រំដែន​។

នៅក្នុង​ដំណាក់កាល​ដំបូង​ ធនាគារ​នឹង​ផ្តោត​លើ​ប្រទេស​សឹង្ហ​បូរី​ កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​។

ជន​ចំណាកស្រុក​មក​ពី​ប្រទេសជិតខាង​ និង​ជនបរទេស​ ដែល​ធ្វើការ​នៅ​ថៃ​គឺជា​គោលដៅ​សំខាន់​ សម្រាប់​ការផ្ទេរ​ប្រាក់​ឆ្លងដែន​ ខណៈ​អ្នកដំណើរ​ និង​ឈ្មួញ​ក្នុង​តំបន់​គឺជា​អតិថិជន​សំខាន់​ សម្រាប់​សេវាកម្ម​ទូទាត់​ QR​ Code​ ឆ្លងកាត់​ព្រំដែន​។

ធនាគារ​ SCB​ ដែល​ជា​អ្នក​ផ្តល់​ប្រាក់កម្ចី​ធំជាង​គេ​បំផុត​របស់​ប្រទេស​នេះ​ បាន​ចូលរួម​ជាមួយ​ដៃគូ​នៅ​ប្រទេស​សឹង្ហ​បូរី​គឺ​ក្រុមហ៊ុន​ Liquid​ Group​ ក្នុង​ការ​ផ្តល់​ការ​ទូទាត់​តាមរយៈ​ QR​ Code ​ឆ្លងកាត់​ព្រំដែន​នៅ​ថៃ​ និង​សឹង្ហ​បូរី​ ដោយមាន​គោលដៅ​ធ្វើ​ប្រតិបត្តិ​ការ​ចំនួន២០ម៉ឺន​ប្រតិបត្តិ​ការ​នៅក្នុង​ឆ្នាំ​ដំបូង​។

លោក​ឱ្យ​ដឹង​ថា​ ធនាគារ​គ្រោង​នឹង​ផ្តល់​ការ​ទូទាត់​ QR​ Code​ ឆ្លង​ព្រំដែន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ ហើយ​មានបំណង​ធ្វើ​ប្រតិបត្តិ​ការ​ ចំនួន១លាន​ប្រតិបត្តិ​ការ​នៅ​ឆ្នាំ​ដំបូង​។

លោក​បាន​បន្ត​ថា​ សេវាកម្ម​នេះ​ នឹង​ត្រូវ​បាន​ពង្រីក​ដល់​ឡាវ​ នៅក្នុង​ត្រីមាស​ទី១​ ឆ្នាំក្រោយ​។

ធនាគារ​SCB​ ក៏​ទទួល​បានការ​យល់ព្រម​ពី​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា​ ដើម្បី​ក្លាយជា​ធនាគារ​ទូទាត់ប្រាក់​ និង​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការ​ឆ្លងដែន​ឌីជីថល​ នៅពេល​ក្រោយ​។

ហ្វីលីពីន​គឺជា​ទីផ្សារ​មួយផ្សេងទៀត​ នៅក្នុង​គម្រោង​ដែល​មាន​ប្រជាជន​ចំណាកស្រុក​ និង​ជនបរទេស​ជាច្រើន​កំពុងធ្វើការ​នៅ​ថៃ​៕ (ប្រភព​ បាងកក​ប៉ុស្តិ៍​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here