ដោយ Donald Lee
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរីបានព្យាករណ៍ថា សេដ្ឋកិច្ចខ្លួននឹងកើនឡើងក្នុងអត្រាទាបត្រឹម ០,៥ ភាគរយនៅក្នុងឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលសឹង្ហបូរី។
របាយការណ៍បានបញ្ជាក់ថា សេដ្ឋកិច្ចសឹង្ហបូរីត្រូវបានរំពឹងថានឹងបញ្ចប់ជាមួយនឹងអត្រាកំណើន ០,៥ ទៅ ១ ភាគរយ ហើយនៅឆ្នាំក្រោយនឹងមានការព្យាករពី ០,៥ ភាគរយដល់ ២,៥ ភាគរយ។
សេដ្ឋកិច្ចសឹង្ហបូរីបានធ្លាក់ចុះយ៉ាងរហ័សនៅត្រីមាសទី ២ ដោយមានការធ្លាក់ចុះ ២,៧ ហើយអ្នកវិភាគជាច្រើនរំពឹងថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការរំខាននៅក្នុងសង្វាក់ផលិតកម្មពិភពលោកនឹងធ្វើឱ្យសឹង្ហបូរីធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំនេះ។
ខណៈពេលមិនស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច សេដ្ឋកិច្ចនៅតែប្រឈមមុខនឹងការផ្លាស់ប្តូរដែលបណ្តាលមកពីការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយសារតែសង្គ្រាមពន្ធគយពិភពលោក។ ផ្នែកអេឡិចត្រូនិចជាធម្មតានៃវិស័យផលិតកម្មបានប្រឈមនឹងការធ្លាក់ចុះនៃតម្រូវការយ៉ាងខ្លាំងនៅឆ្នាំនេះ។
នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ច។របាយការណ៍បានឱ្យដឹងថា “វិស័យផលិតកម្មបានធ្លាក់ចុះ ១,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគឺធ្លាក់ចុះពី ៣,៣ ភាគរយក្នុងត្រីមាសមុន។
ទោះបីជាលទ្ធផលនៃកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានចាត់ថ្នាក់ប្រទេសសឹង្ហបូរីថាជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតនៅក្នុងពិភពលោក។របាយការណ៍របស់ WEF បានបញ្ជាក់ថា “ប្រទេសនេះស្ថិតក្នុងលំដាប់ទី ១ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសុខភាពមុខងារទីផ្សារការងារ និងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ”៕






