រដ្ឋាភិបាល​ និង​ GMAC​ ព្រមទាំង​ ILO​ ចុះ​ MOU​ រួមគ្នា​ដើម្បី​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា

0

​ដោយ​ វុត្ថា

ភ្នំពេញ​៖ រដ្ឋាភិបាល​ និងសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ ព្រមទាំងអង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​ចុះហត្ថលេខា​លើ​អនុ​ស្ស​រណ:នៃ​ការយោគយល់​គ្នា​ រយៈពេល ៣ឆ្នាំ​ទៀត​ ដើម្បី​បន្ត​ប្រតិបត្តិ​ការ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​។

លោក​ អ៉ិ​ត សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យ​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ នា​ថ្ងៃទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់ទុក​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​ក្នុង​ការចូលរួម​ចំណែក​ក្នុង​ការធានា​នូវ​សិទ្ធិ​ការងារ​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ និង​ផ្អែកលើ​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​គម្រោង​នេះ​ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ២០២០​-២០២២​ នេះ​ គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ផង​ដែរ​ទៅ​នឹង​ផែនការ​សហប្រតិបត្តិ​ការ​ និង​សមាហរណកម្ម​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ ជាមួយនឹង​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​ឆ្លុះ​បញ្ចំា​ងពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​លើកកម្ពស់​ “លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”។

លោក​ ប៉ាន​ សូរ​ស័ក្ដិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ លើកឡើង​ដែរ​ថា​ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ជាមួយនឹង​បទដ្ឋាន​ការងារ​ បាន​ប្រែ​ក្លា​យកេរិ៍​តឈ្មោះ​របស់​កម្ពុជា​ទៅជា​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​គោល​នយោបាយ​ពាណិជ្ជា​កម្ម​អន្តរជាតិ​ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​គំរូ​សម្រាប់​ប្រទេស​មួយចំនួន​យក​ទៅ​ធ្វើ​បទពិសោធន៍​សម្រាប់​អនុវត្ត​ និង​រៀនសូត្រ​តាម​។

លោក​បន្ត​ថា​ ការអនុវត្ត​គោលនយោបាយ​នៃ​ការ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ ជាមួយនឹង​បទដ្ឋាន​ការងារ​ ក៏បាន​បង្កើន​ទំនុកចិត្ត​ដល់​អ្នកបញ្ជា​ទិញ​ម៉ាក​យី​ហោ​ល្បី​ៗក្នុង​ការ​ដាក់​បន្ថែម​ការ​បញ្ជាទិញ​ផលិតផល​ សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​នៅ​កម្ពុជា​ពី​មួយឆ្នាំ​ ទៅ​មួយឆ្នាំ​កាន់តែ​ច្រើនឡើង​ផង​ដែរ​។

លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យដឹង​ ថា​ សមាគម​រោងចក្រ​កាត់ដេរ​ នឹង​បន្ត​ធ្វើការ​ជា​មួយ​ររោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​រក្សា​ការផលិត​ សុវត្ថិភាព​ការងារ​ និង​ការងារ​ប្រកបដោយ​ចីរភាព​ សម្រាប់​ជា​កម្លាំង​ពលកម្ម​របស់​កម្ពុជា​។

លោក​ Grame​ Buckley​ នាយក​ការិយាល័យ​អង្គការ​ ILO​ ប្រចាំ​ប្រទេស​កម្ពុជា​ ឡាវ​ និង​ថៃ​ បាន​កត់សម្គាល់​ថា​ ដោយ​ធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ និង​សមាគម​រោងចក្រ​កាត់ដេរ​ យើង​នឹង​រួមគ្នា​លើកកម្ពស់​ការងារ​សមរម្យ​ សម្រាប់​កម្មករ​រាប់​រយ​រាប់ពាន់​នាក់​ ជាពិសេស​ស្ត្រី​ ហើយក៏​ជួយ​កម្មករ​និយោជិត​ ក្នុង​ការ​អភិវឌ្ឍ​ជំ​នាញ​ថ្មី​ៗ អាជីវកម្ម​ ដើម្បី​ទទួល​ប្រាក់​ចំណេញ​កាន់តែ​ច្រើនជាង​មុន​ និង​ក្រុម​គ្រួសារ​ពួកគេ​ ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។

លោក​បន្ត​ថា​ នេះ​ជា​អនុស្សរណៈ​លើក​ទី៦ហើយ​ រវាង​ភាគី​ទាំ​បី​ខាងលើ​នេះ​ ក្នុង​ការ​បន្ត​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ និង​កិច្ច​សហការ​កាន់តែ​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការវិវត្តន៍​នៃ​ស្ថាន​ការ​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

កា​រល​ពី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ លើក​ទី១​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០០៣​ ដើម្បី​បន្ត​អនុវត្ត​គម្រោង​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដែល​មានឈ្មោះ​ថា​ “ការធានា​ថា​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​នៅ​កម្ពុជា​ សមស្រប​តាម​បទដ្ឋាន​ការងារ​ស្នូល​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ និង​ស្របតាម​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា​”សម្រាប់​រយៈពេល​ ២ឆ្នាំ​ ហើយ​គម្រោង​នេះ​ ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅជា​ “គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​” រហូតមកដល់​បច្ចុប្បន្ន​។

អនុ​ស្ស​រណ:យោគយល់​គ្នា​នេះ​ នឹង​ឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​រវាង​ រាជរដ្ឋាភិបាល​នៃ​ក្រ​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រសួងការងារ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ នៃ​អង្គការ​អន្តរជាតិ​ការងារ​សម្រាប់​រយៈ​ពេល៣ឆ្នាំខាងមុខ​ទៀត​ គិត​ចាប់ពី​ខែ​ មករា​ ឆ្នាំ២០២០​ ដល់​ខែធ្នូ​ ២០២២​ ដែល​ក្នុង​កំឡុង​នេះ​ ដៃគូ​របា​នប្តេ​ជ្ញា​ចិត្ត​ដើម្បី​កែ​លម្អ​លក្ខខណ្ឌ​ការងារ​ នៅក្នុង​វិស័យ​វាយនភ័ណ្ឌ​ និង​កាត់ដេរ​សម្លៀកបំពាក់​ ព្រមទាំង​ពង្រីក​វិសាលភាព​នៃ​ការអនុវត្ត​លើ​អនុសារ​ណ:យោគយល់​គ្នា​នេះ​ ដោយ​ដាក់បញ្ចូល​វិស័យ​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here