ដោយ Donald Lee
ភ្នំពេញៈ អ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិន កំពុងប្រញាប់ប្រញាល់បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាល មុនកាលបរិច្ឆេទកំណត់ពន្ធគយថ្ងៃទី១៥ ខែ ធ្នូ ចូលជាធរមានដែលនឹងប៉ះពាល់ ដល់ការនាំចូលរបស់ចិនមានតម្លៃ១៥៦ពាន់លានដុល្លារ។
ពន្ធគយកំណត់គោលដៅលើទូរស័ព្ទចល័ត កុំព្យូទ័រយួរដៃ និងទំនិញប្រើប្រាស់ដែលមានតម្លៃខ្ពស់។
ក្រសួងពាណិជ្ជកម្មចិនបានបន្តសង្កត់ធ្ងន់ថា ពួកគេកំពុងខិតខំធ្វើយ៉ាងម៉ឺងម៉ាត់ដើម្បីទទួលបានព័ត៌មានលម្អិត នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានលក្ខណៈយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា “នេះគឺស្របជាមួយនឹងផលប្រយោជន៍របស់ចិន និងអាមេរិក និងនៅលើពិភពលោក”។
ផ្ទុយទៅវិញប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា អាមេរិកមិនមានភាពប្រញាប់ប្រញាល់ ក្នុងការឈានដល់កិច្ចព្រមព្រៀងនោះទេ។
លោកTrump បាននិយាយនៅក្នុងដំណើរទស្សនកិច្ច នៅរោងចក្រដំឡើងផលិតផលក្រុមហ៊ុន Apple មួយនៅរដ្ឋតិចសាស អាមេរិកកាលពីថ្ងៃពុធថា “ខ្ញុំអាចប្រាប់អ្នកពីរឿងនេះទេ។ ចិននឹងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាជាងខ្ញុំចង់ធ្វើ។ ខ្ញុំមិនគិតថា ពួកគេកំពុងឈានដល់កម្រិតមួយដែលខ្ញុំចង់បាននោះទេ”។
លោក Trump បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកប្រាថ្នាក្រុមហ៊ុនអាមេរិកនឹងផ្លាស់ប្តូរ ទីតាំងផលិតកម្មរបស់ពួកគេចេញពីចិន ហើយត្រឡប់ទៅអាមេរិកវិញ។ សុន្ទរកថា ដែលគាត់បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរបស់លោក នៅឯរោងចក្រក្រុមហ៊ុន Apple នៅថ្ងៃពុធ ជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook។
លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “អ្នកណាដែលតាមដានយុទ្ធនាការរបស់ខ្ញុំនឹងដឹងថាខ្ញុំតែងតែនិយាយអំពីក្រុមហ៊ុន Apple ហើយខ្ញុំចង់ឃើញក្រុមហ៊ុន Apple ដែលកំពុងសាងសង់កុំព្យូទ័រនៅអាមេរិក ហើយនោះគឺជាអ្វីដែលកំពុងកើតឡើង”។
លោក Trump បានបន្ថែមទៀតថា “អ្វីដែលល្អគឺ [Tim Cook] មិនចាំបាច់ព្រួយបារម្ភអំពីពន្ធគយទេ ពីព្រោះនៅពេលដែលអ្នកសាងសង់នៅអាមេរិក អ្នកមិនចាំបាច់ព្រួយបារម្ភអំពីពន្ធគយទេ វាជួយមនុស្សធ្វើការសម្រេចចិត្តចូលមកវិនិយោគ”។
ពាណិជ្ជកម្មសម្រាប់អាមេរិក និងចិនបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតមាន។ ការនាំចេញរបស់ចិនទៅកាន់អាមេរិក បានធ្លាក់ចុះមកត្រឹម៥៣ពាន់លានដុល្លារ ហើយការនាំចេញរបស់អាមេរិកទៅកាន់ចិន បានធ្លាក់ចុះមកត្រឹម ១៤,៥ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិចេញផ្សាយក្នុងខែនេះ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្នុងចំណោមការខាតបង់ក្នុងការនាំចេញរបស់ចិន៣៥ ពាន់លានដុល្លារនៅក្នុងទីផ្សារអាមេរិក ប្រហែល ២១ពាន់លានដុល្លារ (ឬ ៦៣ ភាគរយ) ត្រូវបានបង្វែរទៅប្រទេសទាំងនេះ និងប្រទេសដទៃទៀត ខណៈ ១៤ពាន់លានដុល្លារ ដែលនៅសេសសល់ត្រូវបានបាត់បង់ ឬចាប់យកដោយអ្នកផលិតអាមេរិក”៕






