ដោយ វុត្ថា
ភ្នំពេញៈ ការធ្វើចំណាត់ថ្នាក់ដីរឡើងវិញមានន័យថា ការប្តូរឋានៈដីរបស់រដ្ឋ ក្រោយពីធ្វើការចុះបញ្ជី និងការធ្វើចំណាត់ថ្នាក់លើកដំបូង។
ការធ្វើចំណាត់ថ្នាក់ដីរដ្ឋឡើងវិញមានបីប្រភេទគឺ៖ ១) ការធ្វើចំណាត់ថ្នាក់ទ្រព្យសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យឯកជនរបស់រដ្ឋ ២) ការធ្វើចណាត់ថ្នាក់ទ្រព្យសាធារណៈរបស់រដ្ឋ ពីការប្រើប្រាស់ជាប្រយោជន៍សាធារណៈមួយ ទៅជាប្រភេទបំរើប្រយោជន៍សាធារណៈមួយផ្សេងទៀត និង៣)ការធ្វើចំណាត់ថ្នាក់ព្រទ្យឯកជនរបស់រដ្ឋ ទៅជាទ្រព្យសាធារណៈរបស់រដ្ឋ។
-->
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ស្តីពី គោនយោបាយស្តីពីការគ្រប់គ្រងដីរដ្ឋបានឱ្យដឹងថា ការធ្វើចំណាត់ថ្នាក់ដីរដ្ឋឡើងវិញ ត្រូវបានធ្វើឡើងតាមរយៈសំណើរជាលាយល័ក្ខអក្សរ ពីនិតិបុគ្គលសាធារណៈណាមួយទៅគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តក្រុង។ សំណើរនេះនេះ ត្រូវប្រកាស ឬបរិយាយអំពីទីតាំង ដែលស្នើសុំធ្វើចំណាត់ថ្នាក់ឡើងវិញ ពាក្យស្នើសុំធ្វើចំណាត់ថ្នាក់ឡើងវិញ និងហេតុផលនៃការស្នើសុំធ្វើចំណាត់ថ្នាក់ឡើងវិញ។
គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រុង នឹងតំរូវឱ្យស្ថាប័នបច្ចេកទេសជំនាញ(មន្ទីរពាក់ព័ន្ឋ) ធ្វើការពិនិត្យឡើងវិញនូវសំណើរ ដែលស្នើឡើងក្នុងរយៈពេល៤៥ថ្ងៃ។
ការពិនិត្យឡើងវិញជាលាយល័ក្ខណ៍អក្សរ ត្រូវពន្យល់ពីវិធីសាស្ត្រដែលបានប្រើប្រាស់ក្នុងការត្រួតពិនិត្យ ហើយដែលវិធីសាស្ត្រនេះ ត្រូវរាប់បញ្ចូលទាំងព័ត៌មានដែលបានទទួលពីភាគីស្នើសុំ ទាំងលទ្ធផលរកឃើញក្នុងការត្រួតពិនិត្យ និងអនុសាសន៍របស់ស្ថាប័នបច្ចេកទេសជំនាញ ពាក់ព័ន្ធទៅនឹងសំណើសុំធ្វើចំណាច់ថ្នាក់ឡើងវិញនេះ។
ការពិនិត្យឡើងវិញនេះ ត្រូវបញ្ចប់ក្នុងរយៈពេល៦០ថ្ងៃ គិតពីថ្ងៃចាប់ផ្តើមត្រួតពិនិ ត្យ លើកលែងតែមានការស្នើសុំពន្យាពេលបន្ថែមពីអ្នកត្រួតពិនិត្យ ដោយមានហេតុផលជាក់លាក់។ បន្ទាប់មកគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តក្រុង នឹងធ្វើការសំរេចជាលាយលក្ខណ៍អក្សរលើការធ្វើចំណាត់ថ្នាក់ឡើងវិញនេះ (យល់ព្រម ឬ បដិសេធ ឬ កែសម្រួល) ក្នុងរយៈពេល៦០ថ្ងៃ គិតចាប់ថ្ងៃទទួបានលទ្ធផលនៃការត្រួតពិនិត្យ។
ការកំណត់របស់គណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្តក្រុង នឹងត្រូវស្នើសុំការសំរេចជាផ្លូវការ ពីក្រុមប្រឹក្សាគោលនយោបាយដីធ្លី តាមរយៈអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាគោលនយោបាយដីធ្លី។
ការធ្វើចំណាច់ថ្នាក់ដីរដ្ឋឡើងវិញនេះ នឹងត្រូវបញ្ចូលទៅក្នុងផែនទី ឬប្រព័ន្ធទិន្ន័យដីរដ្ឋ ហើយសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរត្រូវរក្សាទុកជាឯកសារ៕