ដោយ ប៊ី
ភ្នំពេញ៖ លោកប្រធានាធិបតីអាមេរិក Donald Trump គោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និងអាស៊ាន នៅលើទឹកដីសហរដ្ធអាមេរិកក្នុងឆមាសទី១ ក្នងឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សចុះផ្សាយកាលពីម្សិលមិញនេះ។
ការគោរពអញ្ជើញនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារនៅវិមានសន្តិភាពនៅថ្ងៃ ទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនេះ លោក Patrick Murphy បាននាំយកនូវលិខិត០២ របស់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលិខិតទី០១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។
ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបានបញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។
ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាឱ្យមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និងកិច្ចសហការអោយកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។
ចំពោះលិខិតទី ២ គឺលោកប្រធានាធិបតី Donald Trump គោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ធអាមេរិក និងអាស៊ាន នៅលើទឹកដីសហរដ្ធក្នុងឆមាសទី១ ក្នងឆ្នាំ ២០២០ ខាងមុខនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Donald Trump ហើយ សម្តេចតេជោ បានចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន។
សម្ដេចតេជោ នឹងពិភាក្សាជាមួយនឹងប្រមុខដឹកនាំប្រទេសអាស៊ានផ្សេងៗទៀតក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាអោយកិច្ចប្រជុំកំពូលនេះអោយបានល្អប្រសើរ។ ហើយសម្តេចគិតថា នេះជាយុទ្ធសាស្ត្រ ធ្វើអោយ អាស៊ាន-សហរដ្ឋអាមេរិក កាន់តែជិតស្និទ្ឋ បន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមកកាន់តែច្រើនឡើង។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានចូលរួមរំលែកនូវព្រះមរណទុក្ខចំពោះការយាងសោយទីវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទីវី ដែលព្រះអង្គបានចូលរួមលើកស្ទួយវិស័យវប្បធម៌ជាច្រើនរបស់ប្រទេសកម្ពុជានោះ ហើយបានយាងសោយទិវង្គតកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងទៅនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រប្រទេសកម្ពុជាតាំងពីកម្ពុជាមិនទាន់ទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣ មកម៉្លេះ។ នេះគឺបង្ហាញពីចំណងមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាដែលមានរយៈពេលយូរលង់មកហើយ។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបាននាំយកលិខិត ២ច្បាប់របស់លោកប្រធានាធិបតី Donald Trump ទាក់ទងទៅនឹងទាក់ទងទៅនឹងការបង្កើនទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពុលពិសេសអាមេរិកអាស៊ាន ២០២០ ។
សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបង្កើនមិត្តភាពល្អជាមួយសហរដ្ធអាមរិក ហើយរីករាយនឹងចូលរួមកិច្ចប្រជុំពិសេសដែលរៀបចំដោយសហរដ្ធអាមេរិកនៅឆ្នាំក្រោយនេះ។ សម្តេចតេជោ ក៏បានផ្តាំផ្ញើសួរសុខទុក្ខលោកប្រធានាធិបតី Donald Trump ហើយនឹងចាត់មន្រ្តីក្រសួងការបរទេសអោយរៀបចំលិខិតឆ្លើយតបជាផ្លូវការទៅសេតវិមានវិញនៅពេលឆាប់នេះ៕






