ដោយ Donald Lee
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ និងកំពុងឈានទៅរកកម្រិតខ្សោយបំផុតដែលមិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី ១០ ឆ្នាំមុន។ នេះបើយោងតាមអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។
លោក Laurence Boone ប្រធានសេដ្ឋវិទូរបស់ OECD បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លទ្ធផល និងកំណើនសេដ្ឋកិច្ចសកលបានធ្លាក់ចុះជាលំដាប់ ស្របពេលភាពមិនប្រាកដប្រជានៃគោលនយោបាយ និងលំហូរពាណិជ្ជកម្ម និងការវិនិយោគទន់ខ្សោយ”។
របាយការណ៍បានកែប្រែការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុកឆ្នាំ ២០១៩ របស់ខ្លួនដល់ ២,៩ ភាគរយ និង ៣ ភាគរយសម្រាប់ឆ្នាំក្រោយ។ ការព្យាករណ៍ពីកំណើនសម្រាប់ឆ្នាំ ២០២០ និង២០២១ ឃើញពីចំណុចខ្សោយបំផុតមួយ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំក្នុងឆ្នាំ ២០០៩ ។ អង្គការ OECD ជឿជាក់ថា សេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោកនឹងធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំក្រោយ។
លោក Boone មានបញ្ជាក់ថា “កំណើនផលិតផលសរុបក្នុងស្រុកអាមេរិកត្រូវបានរំពឹងថានឹងធ្លាក់ចុះមកត្រឹម ២ ភាគរយនៅត្រឹមឆ្នាំ ២០២១ ស្របពេលកំណើនសេដ្ឋកិច្ចជប៉ុនត្រូវបានរំពឹងថានឹងមានប្រហែល ០,៧ និងតំបន់អឺរ៉ូមាន ១,២ ភាគរយ។ កំណើនសេដ្ឋកិច្ចចិននឹងបន្តធ្លាក់ចុះមកត្រឹមប្រហែល ៥.៥ ភាគរយនៅឆ្នាំ ២០២១”។
ការព្យាករនេះគឺស្របនឹងរបាយការណ៍សេដ្ឋកិច្ចផ្សេងទៀតដែលចេញដោយដោយធនាគារវិនិយោគជាច្រើន។ធនាគារ Morgan Stanley បានចេញផ្សាយរបាយការណ៍មួយនៅសប្តាហ៍នេះដោយបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនតិចតូចនៅចុងឆ្នាំ ២០១៩ និងឈានដល់កំណើនសេដ្ឋកិច្ចពិភពលោកជិត ៣,២ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។
របាយការណ៍ធនគារ Morgan Stanley ជឿជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចនឹងត្រូវបានធ្វើឡើង ហើយធនាគារកណ្តាលនៅជុំវិញពិភពលោកបន្តកាត់បន្ថយអត្រាការប្រាក់ នោះការកើនឡើងនៃកំណើនសេដ្ឋកិច្ចអាចត្រូវបានកើតមាន។
របាយការណ៍ធនាគារ Morgan Stanley បានលើកឡើងថា “តាមទស្សនៈវិស័យធំៗ យើងគិតថា ទស្សនវិស័យសេដ្ឋកិច្ចសកលពឹងផ្អែកលើកម្លាំងសំខាន់ពីរដែលផ្តោតលើការកាត់បន្ថយគោលនយោបាយ និងភាពតានតឹងផ្នែកពាណិជ្ជកម្ម។ ហើយឥឡូវនេះចាប់តាំងពីឆ្នាំ ២០១៨ យើងមានកម្លាំងទាំងពីរកំពុងដើរក្នុងទិសដៅតែមួយដើម្បីជួយដល់ការធ្លាក់ចុះ។ ការបន្ធូរបន្ថយរបស់ធនាគារកណ្តាលកាន់តែខ្លាំងឡើងៗ ហើយជម្លោះពាណិជ្ជកម្មកំពុងធូរស្រាល”៕






