ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ជំនាញ​ដ៏​ធំ​មួយ​មក​ពី​ខេត្ត​សាន​តុង​ប្រទេស​ នឹង​មក​បណ្តាក់​ទុន​វិនិយោគ​រោងចក្រ​តម្លើង​រថយន្ត​នៅ​កម្ពុជា​ ដែល​ការសម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​បាន​ចុះ​មក​សិក្សា​ និង​ស្វែងយល់​ពី​កាលានុវត្ត​ភាព​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​រួមគ្នា​ជាមួយ​គណៈប្រតិភូ​អ្នក​វិនិយោគ​ខេត្ត​សាន​តុង​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង២០​។

បន្ទាប់ពី​បាន​ធ្វើទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​គណៈប្រតិភូ​ខេត្ត​សាន​តុង​ ដែល​ដឹកនាំ​ដោយ​លោក​ វ៉ាង​ ស៊ូ​ជាន​ (WANG​ SHUJIAN​) សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​ និង​ជា​អភិបាលរងខេត្ត​សាន​តុង​ និង​គណៈប្រតិភូ​អមដំណើរ​ ដែល​រួមមាន​ទាំង​អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ធំៗ​មក​ពី​ខេត្ត​សាន​តុង​ផង​ដែរ​នោះ​ ក្រុមហ៊ុន​ Fu​ Lai​ Chun​ Group​ ដែល​មាន​ជំនាញ​ក្នុង​ការ​តម្លើង​រថយន្ត​ នឹង​ដាក់​ទីតាំង​របស់​ខ្លួន​នៅ​កម្ពុជា​។

ការសម្រេច​ចិត្ត​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ប៉ាន​ សូរ​ស័ក្ដិ​ កាលពី​រសៀល​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​នៅក្នុង​កិច្ច​សំណេះសំណាល​ថា​ កម្ពុជា​ និង​ចិន​ បាន​បង្កើត​ទំនាក់ទំនង​មិត្តភាព​ជា​ប្រវត្តិសាស្ត្រ​ ក្នុងអំឡុងឆ្នាំ១៩៥៦​ ហើយក៏​មានការ​រីកចម្រើន​ជាបន្តបន្ទាប់​ រហូត​ក្លាយទៅជា​កិច្ច​សហប្រតិបត្តិ​ការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ នៅ​ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១០​ ស្រប​ទៅ​នឹង​ក្របខណ្ឌ​តំបន់​ ដែល​ប្រទេស​ចិន​ បាន​ដាក់ចេញ​រួមមាន​៖ គំនិត​ផ្តួចផ្តើម​ “ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​” “មូលនិធិ​ផ្លូវ​សូត្រ​” និង​ “ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឤស៊ី​” ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​ និង​ជំរុញ​ការ​អភិវឌ្ឍ​បែប​ “ឈ្នះ​-ឈ្នះ​” រវាង​ប្រទេស​ក្នុងរង្វង់​តំបន់​ខ្សែក្រវាត់​ និង​ផ្លូវ​សូត្រ​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា​។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​ ២០១៨​ មាន​ ចំនួន​ ៦ ០៤០​ លា​នដុល្លារឤ​មេ​រិក​ កើនឡើង​ជាង​ ១៣,៨​% បើ​ធៀប​នឹង​ឆ្នាំ២០១៧​។ ក្នុង​ឆ្នាំ២០១៧​ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ ឈរ​លំដាប់​លេខ​១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ ដែល​មាន​ទំហំ​សរុប​ប្រមាណ​ ១ ៦៤៤​ លា​នដុល្លារឤ​មេ​រិក​។

លើស​ពីនេះ​ ប្រទេស​យើង​ទាំងពីរ​ ក៏បាន​ឯកភាព​គ្នា​ ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កើនឡើង​ដល់​ ៦០០០​ លា​នដុល្លារឤ​មេ​រិក​ នៅ​ឆ្នាំ២០២០​”។ ជាមួយគ្នា​នេះ​ផង​ដែរ​ លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​បង្ហាញ​ពី​សក្ដានុពល​ចម្បង​របស់​កម្ពុជា​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ដែល​សង្កត់ធ្ងន់​ទៅលើ​វិស័យ​កសិកម្ម​ជាពិសេស​លើ​កសិផល​ដូចជា​ ស្វាយ​ ចេក​ មៀន​ ដំឡូងមី​ និង​ស្រូវ​ ប៉ុន្តែ​កំពុង​ខ្វះខាត​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​។

ជា​ការ​ឆ្លើយតប​ លោក​ វ៉ាង​ ស៊ូ​ជាន​ បាន​បញ្ជាក់​ថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន​ពីរ​បានសម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ គឺ​ក្រុមហ៊ុន​ Guomei​ Linqor​ Group​ ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​កសិកម្ម​សរីរាង្គ​មួយ​ ដោយ​ប្រើប្រាស់​កាកសំណល់​សំរាម​ក្នុង​ការផលិត​ជីសរីរាង្គ​ ការ​វេច​ខ្ចប់​ លក់​ជីសរីរាង្គ​ និង​ចែកចាយ​បន្លែ​សរីរាង្គ​ និង​ក្រុមហ៊ុន​ Fu​ Lai​ Chun​ Group​ ដើម្បី​ដំឡើងរថយន្ត​។

ដោយឡែក​ ក្រុមហ៊ុន​ Guomei​ Linqor​ Group​ ក៏​មាន​គម្រោង​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​ ក្នុង​លទ្ធភាព​ផលិត​ ១០០.០០០​ តោន​ នៅ​ខេត្តក្រចេះ​ផង​ដែរ​។

លោក​ វ៉ាង​ ស៊ូ​ជាន​ ក៏បាន​តាំងចិត្ត​ថា​ នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​ និង​ទាក់ទាញ​វិនិយោគិន​ពី​ខេត្ត​សាន​តុង​ មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ហើយ​បាន​ធានា​ទិញ​ផលិតផល​ទាំងនោះ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here