ដោយ Donald Lee
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិក និងចិនបានជំរុញឱ្យក្រុមហ៊ុនផលិតកម្មទៅរកទីតាំងដែលទំនិញរបស់ខ្លួននឹងមិនរងផលប៉ះពាល់ពីពន្ធអាមេរិក។
ក្រុមហ៊ុនប្រឹក្សា IHS Markit បានឱ្យដឹងថា ការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងរយៈពេល ១០ ឆ្នាំនឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះកើនឡើងដល់ទំហំរបស់អារ៉ាប៊ីសាអ៊ូឌីតក្នុងរយៈពេល ១០ ឆ្នាំ។
លោក Michael Ryan នាយករងនៃ IHS Markit ផ្នែកសេវាកម្មឧស្សាហកម្ម បានបញ្ជាក់ក្នុងរបាយការណ៍ថា “នៅក្នុងឆ្នាំ ២០២៨ ទំហំនៃសេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៦១៧ ពាន់លានដុល្លារអាមេរិកដែលជួយដោយការបន្តកំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យនាំចេញផលិតកម្ម ក៏ដូចជាការនាំចេញទេសចរណ៍ ខណៈការចំណាយរបស់អ្នកប្រើប្រាស់ត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ”។
លោក Ryan បន្ថែមថា “នេះត្រូវបានរំពឹងថានឹងនាំឱ្យប្រទេសវៀតណាមផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ដែលតំណាងឱ្យវឌ្ឍនភាពសេដ្ឋកិច្ចឈានមុខគេសម្រាប់ប្រទេសនេះ”។
របាយការណ៍បានបង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិកបានកើនឡើងនៅឆ្នាំ ២០១៩ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានកើតឡើងយ៉ាងខ្លាំង។ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិកបានកើនឡើងជិត ៣០ ភាគរយក្នុងឆ្នាំ ២០១៩ ហើយបន្ទាប់ពីដំណាច់ឆ្នាំ ២០១៨ ការនាំចេញក៏កើនឡើងដែរ។
ការនាំចេញវៀតណាមទៅកាន់អាមេរិកបានបន្តបង្ហាញពីកំណើនយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៨ ដែលកើនឡើង ១១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់មកការនាំចេញកើនឡើងយ៉ាងលឿន ២៨ ភាគរយក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩។
របាយការណ៍នេះបានបន្ថែមទៀតថា “កំណើនដ៏ឆាប់រហ័សនៃកំណើននាំចេញទៅកាន់អាមេរិកមួយផ្នែកឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការធ្វើពាណិជ្ជកម្មអន្តរជាតិមួយចំនួនឆ្ងាយពីចិន ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន”។
កំណើនសេដ្ឋកិច្ចវៀតណាមនៅក្នុងតំបន់អាស៊ីបានលេចធ្លោជាងគេ មិនដូចប្រទេសអាស៊ីដែលពឹងផ្អែកលើពាណិជ្ជកម្មដទៃទៀតកំពុងរងនូវសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និង ចិននិងអូសទាញសេដ្ឋកិច្ចរបស់ពួកគេឱ្យធ្លាក់ចុះដូចកាលពីវិបត្តិហិរញ្ញវត្ថុដ៏ធំមួយនៅឆ្នាំ ២០០៩។
សេដ្ឋកិច្ចអាស៊ីកំពុងឈានទៅរកការធ្លាក់ចុះដ៏ធំមួយនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០។ នេះបើយោងតាមអនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក៕






