ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ស្របពេលដែលវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្តព្រះសីហនុមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនោះ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ នេះ កំណើននៃក្រុមហ៊ុន និងសហគ្រាសនៅទូទាំងខេត្តមានការកើនឡើងយ៉ាងគំហុករហូតដល់ប្រមាណជាង ១៨០០។ នេះបើតាមការអះអាងរបស់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ។

ស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រែក្លាយខេត្តព្រះសីហនុឱ្យទៅមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចុប្បន្ននេះមានបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាច្រើន រាប់ទាំងសហគ្រាសផងដែរ កំពុងតែមានកំណើនគួរឱ្យកត់សម្គាល់ ដែលគិតត្រឹមខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ចំនួនក្រុមហ៊ុន និងសហគ្រាសនានាបានកើនឡើងរហូតដល់ប្រមាណជាង ១៨០០ រួចទៅហើយដែលបានមកចុះបញ្ជីស្របច្បាប់។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ លោក ព្រហ្ម សុខជាវណ្ណដា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សក្ដានុពលក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងខេត្តព្រះសីហនុគឺមានខ្ពស់បើប្រៀបធៀបទៅនឹងបណ្តាខេត្តដទៃទៀត។
លោកបានបន្តទៀតថា “នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងសហគ្រាសជាច្រើនបានបង្កើតជាបន្តបន្ទាប់ ដែលគិតចាប់តាំងពីដើមឆ្នាំ២០១៩មក គិតជាមធ្យមគឺមានប្រមាណចាប់ពី១០០-២០០ ក្រុមហ៊ុន និងសហគ្រាស ត្រូវបានបង្កើតនៅក្នុងខេត្តព្រះសីហនុ។
ចំនួនទាំងអស់នេះ គឺគិតតែសម្រាប់អ្នកដែលមកចុះបញ្ជីពាណិជ្ជកម្ម និងអនុវត្តទៅតាមច្បាប់តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន និងសហគ្រាសមួយចំនួនទៀតដែលមិនបានមកចុះបញ្ជី គឺមិនត្រូវបានរាប់បញ្ចូលនោះទេ”។
លោក ព្រហ្ម សុខជាវណ្ណដា បានបន្តទៀតថា “ជាមួយនឹងសក្ដានុពលខេត្តកំពុងមានកំណើនខ្ពស់ ដែលជំរុញឱ្យកើតមានសហគ្រាស ក៏ដូចជាក្រុមហ៊ុនបង្កើតឡើងជាបន្តបន្ទាប់នេះ យើងបានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ចូលរួមគោរព និងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីធានាដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ក៏ដូចជាមុខជំនួញនានាមានភាពស្ថិតស្ថេរ និងយូរអង្វែង”។
ជាមួយនឹងភាពល្អប្រសើរនៃវិស័យពាណិជ្ជកម្មនៅទូទាំងខេត្តព្រះសីហនុនៅពេលនេះបានជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចទូទាំងខេត្តប្រមាណ ១០.៣ភាគរយ ខណៈដែលកំណើន GDP មានប្រមាណ ៣៧២៦ដុល្លារ សម្រាប់មនុស្សម្នាក់។
ដោយឡែកនៅឆ្នាំបន្ទាប់ ២០២០ខាងមុខនេះ គេរំពឹងថា កំណើនសេដ្ឋកិច្ចនឹងនៅតែអាចរក្សាបាននូវភាពល្អប្រសើរដដែល ស្រពេលដែលគម្រោងវិនិយោគធំដែលមានតម្លៃរាប់ពាន់ដុល្លារកំពុងសម្រុកចូលជាបន្តបន្ទាប់ ៕






