ដោយ Donald Lee
ភ្នំពេញ៖ ប្រធានថ្មីធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde បានមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកត្រូវតែជំនះឧបសគ្គធំៗ ចំនួនពីរដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសុខភាពល្អ។លោកស្រីបានផ្តោតលើសង្គ្រាមពាណិជ្ជកម្មដែលជាកត្តាចម្បងមួយដែលរារាំងដល់កំណើន GDP នៅជុំវិញពិភពលោក និងបង្កភាពមិនប្រាកដប្រជានៅក្នុងសង្វាក់ផ្គត់ផ្គង់។
លោកស្រី Lagarde មានប្រសាសន៍ថា “ភាពតានតឹងខាងពាណិជ្ជកម្មដែលកំពុងកើតមាន និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកំពុងរួមចំណែកដល់ការធ្លាក់ចុះនៃកំណើនពាណិជ្ជកម្មពិភពលោកដែលមានចំនួនច្រើនជាងពាក់កណ្តាលចាប់តាំងពីឆ្នាំមុន។ នេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុមុន”។
ប្រធានធនាគារកណ្តាលក៏បានកត់សម្គាល់ផងដែរថា សេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធ ហើយរដ្ឋាភិបាលចាំបាច់ត្រូវសម្របខ្លួន និងវិនិយោគលើបច្ចេកវិទ្យា និងនិន្នាការផ្សេងៗ។ លោកស្រី Lagarde បានថ្លែងថា ”ស្របពេលនេះដែរ ក៏មានការផ្លាសប្តូរដោយធម្មជាតិរចនាសម្ព័ន្ធជាច្រើនផងដែរ។
យើងកំពុងចាប់ផ្តើមមើលឃើញការផ្លាស់ប្តូរជាសកលដែលជំរុញដោយទីផ្សារដែលកំពុងរីកចម្រើន – ពីតម្រូវការខាងក្រៅទៅតម្រូវការក្នុងស្រុក ពីការវិនិយោគទៅការប្រើប្រាស់ និងពីផលិតកម្មទៅសេវាកម្មៗ។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចេញរបាយការណ៍មួយដែលបង្ហាញការសន្និដ្ឋានស្រដៀង គ្នានេះនៅសប្តាហ៍នេះ។របាយការណ៍បានកែប្រែការព្យាករណ៍កំណើនផលិតផលសរុបពិភពលោកក្នុងស្រុកឆ្នាំ ២០១៩ របស់ខ្លួនមកត្រឹម ២,៩ ភាគរយ និង ៣ ភាគរយសម្រាប់ឆ្នាំក្រោយ។
ការព្យាករណ៍ពីកំណើន ២០២០-២០២១ ឃើញពីការធ្លាក់ចុះមួយចាប់តាំងពីខ្សោយវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៩។លោក Laurence Boone ប្រធានសេដ្ឋវិទូរបស់ OECD បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមក លទ្ធផល និងកំណើនសេដ្ឋកិច្ចសកលបានធ្លាក់ចុះជាលំដាប់ ស្របពេលភាពមិនប្រាកដប្រជានៃគោលនយោបាយ និងលំហូរពាណិជ្ជកម្ម និងការវិនិយោគទន់ខ្សោយ”៕






