ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ភ្ជាប់ទៅនឹងក្ដីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រឈមទៅនឹងភាពខ្វះខាតនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅទូទាំងប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនដ៏ធំមួយរបស់សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងវិស័យមួយនេះ ដើម្បីរួមវិភាគទាន។

ថ្លែងនៅក្នុងឱកាសនៃការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ប៉ាទ្រីក មើហ្វី (W.Patric Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ដែលជាក្រុមហ៊ុនអាមេរិកដ៏ធំមួយ មានបំណងចង់ចូលរួម ក្នុងវិស័យថាមពលនៅកម្ពុជា ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនី។
លោកបានបន្តទៀតថា “ក្រុមហ៊ុនអាមេរិក GE គឺជាក្រុមហ៊ុនដែលមានជំនាញ និងមានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យថាមពល ដូច្នេះស្របពេលកម្ពុជាកំពុងជួបភាពខ្វះខាត ក្រុមហ៊ុនមួយនេះបានបង្ហាញពីចំនាប់អារម្មណ៍ចូលមកកាន់កម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់”។
លោកបានបន្ថែមទៀតថា “ក្នុងរយៈពេលដ៏ខ្លីដែលលោក បានមកបំពេញបេសកកម្មនៅកម្ពុជា លោកយល់ឃើញថា សហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិក នឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្មចូលរួមក្នុងវេទិកានេះ”។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានបង្ហាញពីការគាំទ្រនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជំនាញខាងលើនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា “បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈជាមួយអង្គការការងារអន្តរជាតិ (ILO) និងសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា ស្ដីពី កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ។
ការអនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយក៏បានទាក់ទាញវិនិយោគទុន បង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរទ្បើង។

លោករដ្ឋមន្ត្រី ក៏បានសម្ដែងការសរសើរ ចំពោះការចូលរួមលើការ ពង្រឹងស្ដង់ដារការងារដោយក្រុមហ៊ុនអាមេរិក ដែលបានវិនិយោគទុននៅកម្ពុជា ហើយក៏សំណូមពរឲ្យមានការកៀរគរ វិនិយោគទុនបន្ថែមទៀត លើវិស័យដែលបង្កើតតម្លៃ និងជំនាញបន្ថែមដូចជា កែច្នៃកសិផល កែច្នៃត្បូងពេជ្រ កម្មន្ដសាលធន់ស្រាល អេឡិចត្រូនិក -ល-៕






