ទុន​វិនិយោគ​កូរ៉េ​ នៅ​កម្ពុជា​ បាន​កើនឡើង​ដល់​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៤០០០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ​ ទំហំ​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុងតែ​ស្ថិតនៅ​លើ​ខ្សែបន្ទាត់​ដ៏​ល្អ​មួយ​ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង៤០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ខណៈ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង២​ កំពុងតែ​ស្វះស្វែង​បង្កើន​កិច្ច​ទំនាក់ទំនង​គ្រប់ជ្រុងជ្រោយ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ និង​ស៊ីជម្រៅ​បន្ថែម​ទៀត​។

ក្រៅពី​មាន​កិច្ច​ទំនាក់ទំនង​ក្នុង​វិស័យ​ការទូត​ ប្រទេស​កូរ៉េ​ខាងត្បូង​ ក៏​ជា​ដៃគូ​សហប្រតិបត្តិ​ការ​យ៉ាង​សំខាន់​របស់​កម្ពុជា​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នានា​ ដែល​គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​ ការ​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង៤០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ភាគច្រើន​ទៅលើ​វិស័យ​វាយនភ័ណ្ឌ​ ឧស្សាហកម្ម​ កសិកម្ម​ អចលនទ្រព្យ​ និង​សំណង់​ ។

ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ លោក​ ឡុង​ ឌី​ម៉ង់​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្ដាហ៍​នេះ​ថា​ កម្ពុជា​-កូរ៉េ​ខាងត្បូង​ កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការបង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង២​ ហើយ​មិនយូរ​ទៀត​នោះ​ទេ​ លទ្ធភាព​នៃ​ការរៀបចំ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​ត្រូវ​ធ្វើ​បាន​រួចរាល់​”។

លោក​បន្ត​ទៀត​ថា​ “ផលប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​កិច្ច​ទំនាក់ទំនង​ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​នេះ​ សំខាន់​គឺ​បញ្ហា​នយោបាយ​ និង​សេដ្ឋកិច្ច​ ដែល​នាំមក​នូវ​ផល​ជាច្រើន​ដល់​ភាគី​ទាំង២​ ជាពិសេស​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពីសំណាក់​ប្រទេស​កូរ៉េ​ខាងត្បូង​ឆ្ពោះ​មកកាន់​កម្ពុជា​តែម្ដង​ ដែល​មិន​ មែន​គ្រាន់តែ​ជា​រូបិយប័ណ្ណ​ប៉ុណ្ណោះទេ​ គឺ​នៅ​ទទួល​បាន​ជំនាញ​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ ដែលគេ​ធ្លាប់​ទទួល​បាន​ជោគជ័យ​ និង​មានបទពិសោធន៍​ខ្ពស់​ក្រោយគេ​បញ្ចប់​សង្គ្រាម​ចប់​ឆ្នាំ១៩៥៣​ ដែល​ត្រូវ​បាន​បណ្តា​ប្រទេស​ជឿនលឿន​នានា​លើក​សរសើរ​ថា​ កូរ៉េ​ខាងត្បូង​ បាន​ដើរ​លើ​ផ្លូវកាត់​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​”។

នៅក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​ប្រមាណ​ ៤០០០លាន​ដុល្លារ​ នៅ​លើ​គម្រោង​ចំនួន​ ២១៤​ ដែល​ក្នុង​នោះ​មាន​ចំនួន​ ១២៣​ គម្រោង​បាន​ធ្វើការ​វិនិយោគ​ទៅលើ​វិស័យ​រោងចក្រ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៨៦លាន​ដុល្លារ​ ដែល​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង៨ម៉ឺន​កន្លែង​។

ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​ មាន​ប្រមាណ​ជិត១០០០លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ប្រមាណ៣០ភាគរយ​។ ទំនិញ​ដែល​កម្ពុជា​ធ្វើការ​នាំចេញ​រួមមាន​ដូចជា​សម្លៀកបំពាក់​ គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ កាបូប​ ភេសជ្ជៈ​ កៅស៊ូ​ ឱសថ​ ក្រ​ដាស់​កាតុង​ រួម​ជាមួយនឹង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ ហើយ​ទំនិញ​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ត្រូវ​បាន​នាំចូល​មក​កាន​ទីផ្សារ​កម្ពុជា​ រួមមាន​ដូចជា​ ក្រណាត់​ត្បាញ​ រថយន្ត​ ភេសជ្ជៈ​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងម៉ាស៊ីន​ វត្ថុ​តុប​តែង​លម្អ​រផ្ទះ​ ឱសថ​ សាប៊ូ​ និង​ផលិតផល​ប្លា​ស្ទីក​ជាដើម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here