
ដោយ ៖ ប៊ី
ភ្នំពេញ ៖ កូរ៉េខាងត្បូង និងកម្ពុជាបានព្រមព្រៀងគ្នា ធ្វើការសិក្សាលទ្ធភាពរួមគ្នាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏មានសក្តានុពលរបស់ខ្លួន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងពង្រីកការផ្លាស់ប្តូរគ្នាពាណិជ្ជកម្ម។ នេះតាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្មក្រុងសេអ៊ូលនៅថ្ងៃចន្ទនេះ។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របតាមកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ របស់ប្រទេសនេះជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានប្រារព្ធធ្វើនៅក្នុងប៊ូសានភាគខាងត្បូងរបស់ប្រទេសដែលបានចាប់ផ្តើមនៅថ្ងៃចន្ទ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Yoo Myung-hee បាននិយាយថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានេះ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលជួយក្រុមហ៊ុនកូរ៉េ ចូលកាន់តែជ្រៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសក្តានុពលកំណើនសេដ្ឋកិច្ចលេចធ្លោ”។
កូរ៉េខាងត្បូង និងកម្ពុជាបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយបទបញ្ញត្តិផ្នែកពាណិជ្ជកម្ម ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃប្រទេសទាំងពីរកាលពីខែ មីនា។
ក្រសួងឱ្យដឹងថា ទីក្រុងសេអ៊ូល និងភ្នំពេញនឹងអនុវត្តការសិក្សារួមគ្នាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់រយៈពេលមួយឆ្នាំ។
ការនាំចេញកូរ៉េខាងត្បូងមកកម្ពុជា បានកើនឡើងដល់ ៦៦០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨។ កូរ៉េបាននាំចេញវាយនភណ្ឌ រថយន្តដឹកទំនិញ និងភេសជ្ជៈមកកម្ពុជា ក្នុងឆ្នាំ ២០១៨ ខណៈដែលខ្លួណនាំចូលសម្លៀកបំពាក់ និងស្បែកជើង។
ដោយមានការគាំពារនិយមកាន់តែកើនឡើងនៅជុំវិញពិភពលោក កូរ៉េខាងត្បូងបាន និងកំពុងខិតខំប្រឹងប្រែង ដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងបន្ធូរបន្ថយការពឹងផ្អែកលើការនាំចេញយ៉ាងខ្លាំងរបស់ខ្លួនទៅលើចិន និងសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ខ្លួន។
កូរ៉េខាងត្បូងបានឈានដល់កិច្ចព្រមព្រៀងបឋមស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា។ កិច្ចព្រមព្រៀង គឺស្មើនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប៉ុន្តែក៏ផ្តោតលើវិសាលភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។
កាលពីដើមខែនេះ ប្រទេសសមាជិកអាស៊ាន កូរ៉េខាងត្បូង និងប្រទេសដៃគូចំនួន ៥ ផ្សេងទៀត ក៏បានឈានដល់កិច្ចព្រមព្រៀងស្តីពីកតិកាសញ្ញាពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកដ៏ធំមួយ ដែលមានឈ្មោះថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។
ការចរចារផ្សេងទៀតស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រជាជាតិនានា រួមមានម៉ាឡេស៊ី និងហ្វីលីពីន ក៏កំពុងដំណើរការសម្រាប់កូរ៉េខាងត្បូងផងដែរ។
កម្ពុជាគឺជាដៃគូពាណិជ្ជកម្មដ៏ទាក់ទាញមួយ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានប្រកាសកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយចាប់តាំងពីឆ្នាំ ២០១១ ៕ (ប្រភព Yonhap)
អានបន្ថែម៖ ទុនវិនិយោគកូរ៉េ នៅកម្ពុជា បានកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណជាង ៤០០០ លានដុល្លារសហរដ្ឋអាមេរិក