ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​គ្រោង​ពង្រីក​បន្ថែម​ទៅកាន់​តំបន់​អាស៊ាន​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លោក ​Sohn​ Tae​-seung​ ប្រធាន​ក្រុមហ៊ុន​ Woori​ Financial​ Group​ ដែល​ជា​ធនាគារ​ធំ​មួយ​ ដែល​មូលដ្ឋាន​នៅ​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​ ធនាគារ​របស់​លោក​នឹង​ដាក់​អាទិភាព​កំពូល​នៅ​លើ​ទីផ្សារ​អាស៊ាន​ ដើម្បី​ពន្លឿន​ការពង្រីក​ទីផ្សារ​ក្រៅប្រទេស​របស់​ខ្លួន​ និង​ក្លាយជា​ក្រុមហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​អាស៊ី​។

លោក​ Sohn​ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ The​ Korea​ Times​ ថា​ “ទីផ្សារ​អាស៊ាន​ គឺជា​អាទិភាព​កំពូល​សម្រាប់​ក្រុមហ៊ុន​ Woori​ Financial​ Group​ នៅពេល​និយាយ​អំពី​ការពង្រីក​អាជីវកម្ម​នៅ​បរទេស​”។

លោក​បាន​បន្ថែម​ថា​ “មិន​ត្រឹមតែ​អត្រាកំណើន​ និង​ប្រាក់ចំណេញ​ ដែល​ទទួល​បាន​ពី​តំបន់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ទំនាក់ទំនង​មិត្តភាព​របស់​កូរ៉េ​ ជាមួយ​បណ្តា​ប្រទេស​នៅ​ទីនោះ​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ជិតស្និទ្ធ​”។ លោក​បន្ត​ថា​ “អាស៊ី​អាគ្នេយ៍​មាន​សារៈសំខាន់​បំផុត​សម្រាប់​ក្រុមហ៊ុន​ Woori​ ទាក់ទង​នឹង​ការពង្រីក​ខ្លួន​លើ​ពិភពលោក​។ យើង​កំពុង​ពង្រីក​អាជីវកម្ម​ របស់​យើង​នៅ​ទីនោះ​យ៉ាង​ឆាប់រហ័ស​ ដោយមាន​គំរូ​អាជីវកម្ម​ ដែល​ត្រូវ​បាន​កំណត់​តាម​ប្រទេស​សមាជិក​អាស៊ាន​នី​មួយ​ៗ”។

អាស៊ាន​សំដៅ​ទៅលើ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហើយ​រដ្ឋ​ជាស​មា​ជិ​កចំនួន​ ១០​ របស់​ខ្លួន​គឺ​ប្រទេស​ព្រុយ​ណេ​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សឹង្ហ​បូរី​ ឡាវ​ ថៃ​ និង​វៀតណាម​។

ធនាគារ​ Woori​ Bank​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​របស់​ក្រុម​នេះ​ បច្ចុប្បន្ន​មាន​សាខា​ទូទាំង​ពិភពលោក​ធំជាង​គេ​ ក្នុងចំណោម​ធនាគារ​ក្នុង​ស្រុក​ ដែល​មាន​សាខា​រហូតដល់​ចំនួន៤៦៥កន្លែង​ ចែកចាយ​ទូទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃទី​ ២៥​ ខែ​ វិច្ឆិកា​។

សាខា​ចំនួន១៤​ បាន​បើក​នៅក្នុង​តំបន់​អាស៊ាន​នៅ​ឆ្នាំនេះ​ ដែល​មាន៣នៅ​វៀតណាម៩ នៅ​កម្ពុជា​ និង២​ នៅ​មីយ៉ាន់ម៉ា​។

ការ​បើក​សម្ពោធ​ថ្មី​ៗបំផុត​គឺ​សាខា​របស់​ធនាគារ​ Woori​ Bank​ នៅ​ទីក្រុង​ Bien​ Hoa​ វៀតណាម​ថ្ងៃទី​ ១៥​ ខែ​ វិច្ឆិកា​។

វៀតណាម​គឺជា​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​សំ​ខាន់​ៗ សម្រាប់​ធនាគារ​ Woori​ Bank​។ ធនាគារ​គ្រោង​នឹង​បើក​សាខា​ចំនួន​បី​បន្ថែម​ទៀត​ នៅក្នុង​ប្រទេស​នេះ​នៅ​ចុងឆ្នាំ​នេះ​។ ខ្លួន​មាន​គោលបំណង​បើក​សាខា​ថ្មី​ចំនួន៥ជា​រៀងរាល់​ឆ្នាំ​ រហូតដល់​ឆ្នាំ២០២១​ ដើម្បី​ឱ្យ​មាន​សាខា​ចំនួន២០​ នៅក្នុង​ប្រទេស​នៅ​ចុងឆ្នាំ​ ២០២១​។

ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​ នៅក្នុង​តំបន់​ ធនាគារ​ Woori​ បាន​បង្កើត​មន្ទីរពិសោធន៍​បច្ចេក​វិទ្យា​ហរិ​ញ្ញ​វត្ថុ​ នៅ​វៀតណាម​កាលពី​ខែមុន​។ មន្ទីរពិសោធន៍​បច្ចេកវិទ្យា​ នឹង​គាំទ្រ​ដល់​អាជីវកម្ម​របស់​អ្នកចាប់​ផ្ដើម​អាជីវកម្ម​ថ្មី​ របស់​កូរ៉េ​នៅក្នុង​តំបន់​ ក៏ដូចជា​ជួយ​ដល់​អាជីវ​កម្ម​ថ្មី​ៗនៅក្នុង​វៀតណាម​ និង​អាច​ឱ្យ​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​សហការ​គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here