ដោយ វុត្ថា
សៀមរាប៖ រហូតមកដល់ពេលនេះ ខេត្តសៀមរាបបានធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន បានចំនួន ២៨ខេត្ត-ក្រុង ស្របតាមរយ:ការដាក់ចេញនូវគោលនយោបាយគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទីនៃខេត្តសៀមរាប នៅក្នុងជំនួបពិភាក្សាការងារមួយចំនួនជាមួយគណប្រតិភូខេត្តជាំងស៊ី កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ម្សិលមិញនេះ បានឱ្យដឹងថាតាមរយ:ការចងសម្ព័ន្ធមេត្រីភាពនេះ បានធ្វើឲ្យខេត្តសៀមរាបទទួលបាននូវការជួយឧបត្ថម្ភគាំទ្រនានា ក៏ដូចជា អត្ថប្រយោជន៍ផ្សេងៗ ទៀត មានដូចជា ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ការជួសជុលស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ៦ ដែលតភ្ជាប់ខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ការជួសជុលកែលម្អផ្លូវក្នុងខេត្ត ការជួយពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃចំពោះប្រជាជនក្រីក្រក្នុងខេត្ត ការបង្កើតកសិដ្ឋានកសិកម្ម និងបណ្តុះបណ្តាល ជំនាញ ការផ្តល់អាហារូបករណ៍ ដល់សិស្ស-និស្សិតនៅក្នុងខេត្តសៀមរាបឲ្យទៅ សិក្សាបន្តនៅប្រទេសចិន និងការជំរុញភ្ញៀវទេសចរ ចិនឲ្យចូលមកទស្សនាខេត្តសៀមរាប។
លោកបន្តទៀតថា តាមរយ:ការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ របស់សាធារណរដ្ឋប្រជាមានិតចិននេះផងដែរ គឺបានរួមចំណែកយ៉ាងសកម្ម ដល់ការជំរុញកិច្ចអភិវឌ្ឍតំបន់ និងសកល ហើយគំនិតផ្តួចផ្តើមនេះ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជា នៅក្នុងសកលលោក ហើយក៏ជាយន្តការមួយដែលផ្តល់នូវធនធាន ដល់ប្រទេស នានាលើសកលលោក ពិសេសប្រទេសកំពុងអភិវឌ្ឍសម្រាប់បំពេញគម្លាតតម្រូវការ ហិរញ្ញប្បទាន ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួន។

លោកបញ្ជាក់ទៀតថា ជាក់ស្តែងប្រទេសកម្ពុជា គឺបានទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើន តាមរយ: ការអនុវត្តនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយនេះ ដែលក្នុងនោះរួមមាន ការកសាង ការស្តារ និងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគលើវិស័យសំណង់ និងការវិនិយោគលើវិស័យផ្សេងៗទៀត ពីសំណាក់វិនិយោគិនចិន រួមជាមួយនឹងការជំរុញអ្នកទេសចរចិនឲ្យចូលទៅទស្សនាក្នុងប្រទេសកម្ពុជា៕






