ដោយ វុត្ថា
ភ្នំពេញៈ វិនិយោគិនមកប្រទេសចិន និងកូរ៉េ បានសម្រេចចិត្តចុះអនុស្សារណៈយោគជយល់គ្នា (MOU) បង្កើតរោងចក្រតម្លើងរថយន្តនៅកម្ពុជា សម្រាប់នាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងពិធីចុះហត្ថលេខាដែលបានធ្វើនៅថ្ងៃទី២៥ វិច្ឆិកា ២០១៩កន្លងមកនេះបានឲ្យដឹងថា ក្រុមហ៊ុនអន្តរជាតិ២ ដែលកំពុងមានវត្តមាននៅក្នុងកម្ពុជា រួមមាន ក្រុមហ៊ុន DAEHAN Group មកពីប្រទេសកូរ៉េ និងក្រុមហ៊ុន SINO TRUK មកពីប្រទេសចិនបានចុះអនុស្សារណៈយោគយល់គ្នា ក្រោមការធ្វើជាសាក្សីពី លោក សុខចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក WANG SHUJIAN សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Shandong និងជាអភិបាលរងខេត្តរបស់ប្រទេសចិន។
លោកLEE JAEHOO តំណាងមកពីក្រុមហ៊ុន DAEHAN Group បានឲ្យដឹងថា កម្ពុជា បានរក្សាកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ប្រចាំឆ្នាំ ដែលធ្វើឲ្យវិនិយោគិនមកពីគ្រប់តំបន់ចង់បណ្ដាក់ទុនវិនិយោគក្នុងប្រទេសនេះ។ អ្វីដែលសំខាន់នោះ គឺកម្ពុជាបានលើកទឹកចិត្តដល់វិស័យឧស្សាហកម្ម ខណៈកម្ពុជាបានក្លាយជាប្រទេសគំរូ និងនាំមុខគេក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់។
លោករំពឹងថា តាមរយៈកិច្ចសហការគ្នានេះ នឹងអាចទទួលបានរថយន្តដ៏ល្អ និងមានការគាំទ្រពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បន្ទាប់ពីក្រុមហ៊ុនទាំងពីរមានផែនការ និងយុទ្ធសាស្ត្រធ្វើយ៉ាងណា ដើម្បីឲ្យក្លាយជាក្រុមហ៊ុននាំមុខគេក្នុងតំបន់អាស៊ាន។
លោក YUAN ZHONGBO តំណាងក្រុមហ៊ុន Sinotruk បានឲ្យដឹងថា ក្រុមហ៊ុនលោក ជាក្រុមហ៊ុនមានបទពិសោធន៍យូរឆ្នាំ ក្នុងការផលិតរថយន្តសម្រាប់នាំចេញ និងផ្គត់ផ្គង់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ក៏មានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសធំៗ លើពិភពលោកជំនាញផលិតរថយន្តផងដែរ មុននឹងចុះហត្ថលេខាសហការជាមួយក្រុមហ៊ុនដៃគូនៅក្នុងប្រទេសកម្ពុជា។
យោងតាមខ្លឹមសារគោលបំណង នៃអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Daehan និងក្រុមហ៊ុន Sinotruk International មានដូចជា ទី១ ដើម្បីបង្កើតការផ្ទេរបច្ចេកទេសរថយន្តដឹកទំនិញធុនធ្ងន់ និងម៉ាស៊ីន ដើម្បីបង្កើតការងារបន្ថែមទៀត ហើយក៏ជាផ្នែកមួយនៃការអភិវឌ្ឍឧស្សាហកម្មរថយន្តនៅកម្ពុជាផងដែរ។

ទី២-កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ក្នុងចំណោមប្រទេសកម្ពុជា កូរ៉េ និងចិន នឹងអាចធ្វើឱ្យយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលអាចពង្រឹងដើម្បីឈានដល់គោលដៅរបស់ភាគីទាំងពីរ និងបច្ចុប្បន្ននេះ ជាយុគសម័យនៃទីផ្សារអាស៊ានតែមួយ ហើយចក្ខុវិស័យរបស់យើង គឺចង់អោយប្រទេសកម្ពុជាក្លាយជាប្រទេសផលិតរថយន្តធំៗ៕
អានអត្ថបទ៖ ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងវិនិយោគរោងចក្រតម្លើងរថយន្តនៅកម្ពុជា






