ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន បានព្រមព្រៀងគ្នាក្នុងការទម្លាក់របាំងពាណិជ្ជកម្ម ដើម្បីបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្នា។
លោកប្រធានាធិបតី Moon Jae-in បានធ្វើជាម្ចាស់ផ្ទះនៃមេដឹកនាំមកពីបណ្តាប្រទេសអាស៊ាននៅសប្តាហ៍នេះ និងបានធ្វើការលើការកាត់បន្ថយការរឹតត្បិតពាណិជ្ជកម្ម និងបង្កើនចំណងមិត្តភាពនៅទូទាំងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍រួមពីកិច្ចប្រជុំកំពូលអាស៊ាន និងសាធារណរដ្ឋកូរ៉េដែលធ្វើឡើង នៅទីក្រុងប៊ូសាន នៅសប្តាហ៍នេះបានឱ្យដឹងថា “យើងសូមបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់យើង ដើម្បីគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនៃពាណិជ្ជកម្ម និងការវិនិយោគ និងការតស៊ូចំពោះគ្រប់ទម្រង់នៃការគាំពារនិយម ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ ខណៈពេលដែលបន្តសហប្រតិបត្តិការ ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់”។
កូរ៉េខាងត្បូង និងអាស៊ាន បានអបអរសាទរទំនាក់ទំនងរយៈពេល ៣០ឆ្នាំរបស់ខ្លួននៅសប្តាហ៍នេះ។
យោងតាមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅអង្គការសហប្រតិបត្តិការ និងអភិវ ឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តោតលើការបង្កើតភាពជាដៃគូសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។
សង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន ដែលកំពុងបន្តបានធ្វើឱ្យរំខានដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក ដោយកូរ៉េខាងត្បូងជាប្រទេសមួយ ដែលរងការវាយប្រហារខ្លាំងជាងគេ ហើយកំពុងជំរុញឱ្យក្រុមហ៊ុនផលិតកម្មអន្តរជាតិ ផ្លាស់ប្តូរទីលំនៅចេញពីចិនដើម្បីចៀសវាងពន្ធគយរបស់អាមេរិក។
លោក Ko Hyoung-kwon ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំនៅ OECD បាននិយាយថា “សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃពិភពលោកឡើងវិញ ហើយជាលទ្ធផលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ត្រូវបានយកចិត្តទុកដាក់ជាមូលដ្ឋានផលិតកម្ម”។
ផលប៉ះពាល់នៃពាណិជ្ជកម្មអាមេរិក និងចិនបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់តំបន់អាស៊ាន ក្នុងរយៈពេលនៃសង្គ្រាមពាណិជ្ជកម្ម១៦ខែ។
ពាណិជ្ជកម្មទ្វេភាគីកូរ៉េខាងត្បូង និងអាស៊ាន នឹងឈានដល់ទំហំទឹកប្រាក់២០០ ពាន់លានដុល្លារនៅឆ្នាំ២០២០។ គោលដៅដើមនៃការឈានដល់២០០ពាន់លានដុល្លារនៅក្នុងពាណិជ្ជកម្មទ្វេភាគី ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៤។ ការនាំចេញភាគច្រើនទៅកាន់អាស៊ីអាគ្នេយ៍រួមមានគ្រឿងកុំព្យូទ័រ និងវាយនភ័ណ្ឌ។
ទំហំពាណិជ្ជកម្មសរុបរវាងកូរ៉េ និងតំបន់អាស៊ាន បានកើនឡើងដល់១៦០ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ កើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន ហើយគ្រោងនឹងឈានដល់ទំហំទឹកប្រាក់២០០ពាន់លានដុល្លារនៅចុងឆ្នាំ ២០២០។
លើសពីនេះ រដ្ឋមន្រ្តីរដ្ឋសមាជិកកូរ៉េខាងត្បូង និងអាស៊ានរួមទាំងកម្ពុជាផងដែរបានចាប់ផ្តើមពិភាក្សាយ៉ាងខ្លាំងកាលពីខែមុនស្តីពី របៀបជំរុញសក្តានុពលទេសចរណ៍រវាងប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងតំបន់ដែលមានប្រជាជនជិត៧០០លាននាក់ និងផលិតផលក្នុងស្រុកសរុប កើនឡើងដល់៣ទ្រីលានដុល្លារ។
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍កូរ៉េខាងត្បូង បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នេះ យើងរំពឹងថានឹងបង្កើតសន្ទុះមួយសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំង នៅក្នុងកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរវប្បធម៌កូរ៉េ និងអាស៊ាន”។
គោលនយោបាយថ្មីខាងត្បូង របស់លោកប្រធានាធិបតីMoon មានគោលបំណងជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
កូរ៉េខាងត្បូងបានផ្តោតការយកចិត្តទុកដាក់ភាគច្រើន នៃគំនិតផ្តួចផ្តើមរបស់ខ្លួននៅកម្ពុជា។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់៨៥លានដុល្លារក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០១៩តែមួយ។ ការនាំចេញរបស់កម្ពុជាទៅកូរ៉េខាងត្បូងមានតម្លៃ២១,៦ លានដុល្លារ កើន៤,៣៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កូរ៉េខាងត្បូងឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័ត គម្រោងវិនិយោគរបស់កូរ៉េចំនួន២១២ គម្រោងដែលមានទឹកប្រាក់ចំនួន ៤,៥៦ពាន់លានដុល្លារ។
ក្រុមហ៊ុនកូរ៉េខាងត្បូងជិត ៣០០ បានធ្វើប្រតិបត្តិការនៅកម្ពុជា ដោយផ្តល់ការងារដល់ប្រជាជនរាប់ពាន់នាក់៕






