ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលរបស់កូរ៉េបានសម្រេចបន្ត និងបង្កើនលទ្ធភាពកម្ចីដល់កម្ពុជារហូត ៧០០លានដុល្លារ ខណៈដែលការសម្រេចនេះ ត្រូវបានធ្វើឡើងរវាងប្រមុខការទូតកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ប្រមុខការទូតរបស់ប្រទេសទាំង២ បានគូសបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិកាឱ្យកាន់តែប្រសើរ ដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការបង្កើនកម្ចីសម្បទានពី៣៥០លានដុល្លារអាមេរិក ដល់៧០០លានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០១៩-២០២៣។
នេះបើតាមការឱ្យដឹងក្នុងជំនួបរវាង លោក ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ នៅចុងបញ្ចប់នៃជំនួបនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរបាន ចុះហត្ថលេខាលើឯកសារចំនួន ៥ផងដែរ។
ឯកសារសំខាន់ៗទាំង៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកនោះ រួមមាន ទី ១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេច វេសពន្ធ និងការចៀសវាងពន្ធ ទី២ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ទី៣ អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
ទី៤. អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងទី៥. សេចក្តីថ្លែងការណ៍រួមស្តីពីការ ចាប់ផ្តើមការសិក្សារួមគ្នាលើ លទ្ធភាព បង្កើត កិច្ច ព្រម ពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ។

លោកប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋ កូរ៉េលើកទី១ ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ៕






