ឥណ្ឌូ​នេ​ស៊ី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រោងចក្រ​ផលិត​រថយន្ត​តម្លៃ​ជាង១៥០០លាន​ដុល្លារ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ រោងចក្រ​ផលិត​រថយន្ត​ដំបូងបង្អស់​របស់​កូរ៉េ​ខាងត្បូង​ នឹង​ដាក់​ទីតាំងនៅ​តំបន់​ Bekasi​ ឥណ្ឌូ​នេ​ស៊ី​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ Hyundai​ Motor​។

ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​ នឹង​វិនិយោគ​ទឹកប្រាក់​ជាង១​,៥០០លាន​ដុល្លារ​នៅក្នុង​រោងចក្រ​នេះ​ និង​សម្រាប់​ថ្លៃដើម​ប្រតិបត្តិ​ការ​។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ Hyundai​ បានឱ្យ​ដឹង​ថា​ “រោងចក្រ​នៅ​ឥណ្ឌូ​នេ​ស៊ី​នឹង​តំណាង​ឱ្យ​ការ​វិនិយោគ​ លើទឹក​ប្រាក់​ប្រមាណ១​,៥៥ពាន់​លាន​ដុល្លារ​ រហូតដល់​ឆ្នាំ២០៣០​ រួម​ទាំង​ការ​អភិវឌ្ឍ​ផលិតផល​ និង​ថ្លៃដើម​ប្រតិបត្តិ​ការ​”។

រោងចក្រ​នេះ​នឹង​បើក​ការដ្ឋាន​នៅ​ខែក្រោយ​ ហើយ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ផលិតកម្ម​ពាណិជ្ជកម្ម​នៅ​ឆ្នាំ២០២១​។ ក្រុមហ៊ុន​Hyundai​ស្មានថា​ រថយន្ត​ចំនួន១៥០​,០០០គ្រឿង​នឹងអាច​ផលិត​ជា​រៀងរាល់​ឆ្នាំ​ នៅ​រោងចក្រ​ផលិត​រថយន្ត​នេះ​។

សេចក្តី​ប្រកាស​បាន​បន្ថែម​ទៀត​ថា​ “ក្រុមហ៊ុន​ Hyundai​ មាន​ផែនការ​ផលិត​រថយន្ត​ប្រភេទ​ SUV​ ខ្នាត​តូច​ប្រភេទ​ MPV​ និង​រថយន្ត​ម៉ូដែល​ Sedan​ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​អតិថិជន​ នៅក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ នៅ​ឯរោង​ចក្រ​ឥណ្ឌូ​នេ​ស៊ី​ថ្មី​ដែល​នឹង​រួមបញ្ចូល​នូវ​សម្ភារៈ​សម្រាប់​បោះត្រា​ ការ​ផ្សារ​ ការ​គូរ​ និង​ការដំឡើង​”។

រោងចក្រ​ផលិត​រថយន្ត​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បង្កើត​ការងារ​ជាង២ម៉ឺន​កន្លែង​ និង​ផ្តល់​ចំណូល២០ពាន់​លាន​ដុល្លារ​ ដល់​សេដ្ឋ​កិ​ច្ច​ឥណ្ឌូ​នេ​ស៊ី​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ បាន​ធ្វើ​ឱ្យ​រំខាន​ដល់​បណ្តាញ​ផ្គត់ផ្គង់​និង​ទីផ្សារ​សំ​ខាន់​ៗ ហើយ​បាន​បង្ខំ​ប្រទេស​ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ ដូចជា​ កូរ៉េ​ខាងត្បូង​ប្តូរ​ផលិតកម្ម​ និង​ការ​លក់​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុមហ៊ុន​ Hyundai​ បានឱ្យ​ដឹង​ថា​ “ដោយមាន​គោលបំណង​បង្កើន​ល្បឿន​បង្កើត​វេទិកា​ សម្រាប់​ការ​អភិវឌ្ឍ​ផលិតផល​មាន​ស្ថេរ​ភាព​ ផលិតកម្ម​ និង​ការ​លក់​នៅ​ឥណ្ឌូ​នេ​ស៊ី​ និង​ទីផ្សារ​អាស៊ាន​ធំ​ទូលាយ​។ ក្រុមហ៊ុន​ Hyundai​ នឹង​បន្ត​យុទ្ធ​សាស្រ្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ ដើម្បី​ទទួល​បាន​នូវ​ការប្រកួត​ប្រជែង​លើ​ដៃគូ​ប្រកួតប្រជែង​”។

ឥណ្ឌូ​នេ​ស៊ី​គឺជា​ទីផ្សារ​រថយន្ត​ធំជាង​គេ​ ក្នុងចំណោម​បណ្តា​អាស៊ាន​ទាំងអស់​ ដែល​មាន​ចំនួន​រថយន្ត​ជាង១លាន​គ្រឿង​ត្រូវ​បាន​លក់​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​ Hyundai​ បាន​បញ្ជាក់​ថា​ “បណ្តា​ប្រទេស​អាស៊ាន​សំ​ខាន់​ៗ រួមមាន​ ឥណ្ឌូណេស៊ី​ ថៃ​ ម៉ាឡេស៊ី​ វៀតណាម​ និង​សឹង្ហ​បូរី​ត្រូវ​បាន​រំពឹង​ថា​ នឹង​បង្កើត​ទីផ្សារ​រថយន្ត​ប្រមាណ​ ៤,៤៩លាន​គ្រឿង​នៅ​ឆ្នាំ២០២៦​ ដែល​កើនឡើង​ពី៣​,១៦លាន​គ្រឿង​ នៅ​ឆ្នាំ​ ២០១៧​”។

សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​កំពុង​បន្ត​បាន​រំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​ដោយ​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​មួយ​ដែល​រង​ការវាយប្រហារ​ខ្លាំង​ជាងគេ​ ហើយ​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​អន្តរជាតិ​ផ្លាស់​ប្តូរ​ទីលំនៅ​ចេញពី​ចិន​។

លោក​ Ko​ Hyoung​-kwon​ ឯកអគ្គ​រដ្ឋទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​របស់​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ OECD​ បាន​មានប្រសាសន៍​ថា​ “អាស៊ាន​គឺជា​ដៃគូ​ធំ​ទី​ ២ របស់​កូរ៉េ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ វិនិយោគ​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​”។

លោក​បាន​បន្ថែម​ថា​ “តំបន់​នេះ​ គឺជា​ដៃគូ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ដ៏​សំខាន់​ របស់​កូរ៉េ​។ រដ្ឋាភិបាល​កូរ៉េ​បាន​ចែករំលែក​បទពិសោធន៍​ អភិវឌ្ឍន៍​របស់​ខ្លួន​យ៉ាងសកម្ម​ជាមួយ​អាស៊ាន​ដោយ​លើកឡើង​ថា​ “បង្រៀន​ចាប់ត្រី​គឺ​ប្រសើរ​ជាង​ការ​ឱ្យ​ត្រី​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here