ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ក្រុងឈីងតាវ-ក្រុងព្រះសីហនុនា គ្រោងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគ និងពាណិជ្ជករនៃក្រុងទាំងពីរ ដើម្បីទាក់ទាញវិនិយោគចិនមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនទៀតនាពេលខាងមុខនេះ បន្ទាប់ពីខេត្ត-ក្រុងទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈចងសម្ពន្ធ័ភាពកាលពីខែតុលា ឆ្នាំ២០១៩ កន្លងមក ។
លោក Wang Xiangyu នាយករងមន្ទីរការបរទេស នៃទីក្រុងឈីងតាវ នៃប្រទេសចិន នៅក្នុងជំនួបជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុកាលពីថ្ងៃទី ២៦ខែវិច្ឆិកាម្សិលមិញនេះ ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងគោលបំណងសម្របសម្រួលទំនាក់ទំនង នៃចំណងមិត្តភាព សម្ព័ន្ធភាពរវាងខេត្តព្រះសីហនុ និងទីក្រុងឈីងតាវ ក្នុងការជំរុញការផ្លាស់ប្ដូរអ្នកវិនិយោគ ពាណិជ្ជកររវាងក្រុង-ខេត្ត នៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ និងទាក់ទាញវិនិយោគចិនមកកាន់ខេត្តព្រះសីហនុ។
លោកបបន្តថា ក្រៅពីនោះក៏មានកម្មវិកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា៖ វិស័យអប់រំ សុខាភិបាល វប្បធម៌ និងធនធានមនុស្សជាដើម ។
លោក គង់ វិតាណ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍គណៈប្រតិភូក្រុងឈីវតាវ ដែលបានមកបំពេញទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលមានឆ្នេរខ្សាច់សស្អាត កំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក ផ្លូវគោក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្រោមអធិបតីភាពសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្ថែមថា ខេត្តព្រះសីហនុ និងក្រុងឈីវតាវ បានចងសម្ព័ន្ធជាខេត្ត-ក្រុងបងប្អូន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនកាន់តែល្អថែមទៀត។

លោកអភិបាលរងខេត្តរូបនេះ ក៏បានសុំឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន មកកាន់ខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន ៕






