ដោយ វុត្ថា
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ ២០១៦ ពោលមានរយៈពេល ៤ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួនជិត ២២៣លានដុល្លារអាមេរិក ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងជំនួបជាមួយលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសសកម្ម កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្រ្ដាលីកាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល អូស្រ្ដាលីដែលបាន ផ្ដល់ជំនួយក្នុងការអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួនជិត២២៣លានដុល្លារអាមេរិក និងបានផ្ដល់អាហាររូបករណ៍ចំនួន១៨០កន្លែងដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជាក្នុងកំឡុងពេលបេសសកម្មរបស់លោកស្រីតាំងពីឆ្នាំ២០១៦មក។
លោកឧបនាយករដ្ឋមន្រ្តី បានស្នើស្នើអូស្រ្ដាលីអោយមានការជម្រុញបន្ថែម ទំហំពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងអូស្រ្ដាលីដែលនៅមានកំរិតតិចនៅឡើយ ដែលមានចំនួនត្រឹម១៣២លានដុល្លារអាមេរិកក្នុងឆ្នាំ២០១ ដោយជួយទិញកសិផល វាយនភណ្ឌ និងម្រេចកម្ពុជា។
លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិ បានលើកថា នៅឆ្នាំ១៩៩៣ លោកជំទាវបានមកធ្វើការនៅកម្ពុជាម្ដងរួចហើយ នេះជាលើកទី២ហើយដែលលោកជំទាវបានមកធ្វើការនៅប្រទេសកម្ពុជា លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរីកចំរើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាយ៉ាងឆាប់រហ័សក្រោមការដឹក នាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីបានបន្ថែមថា លោកស្រីមានការរីករាយណាស់ដែលបានមកបំពេញបេសសកម្មនៅកម្ពុជា ហើយបានកោតសរសើរអំពីទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរផងដែរ។បច្ចុប្បន្នមាននិស្សិតកម្ពុជាជាង២ពាន់នាក់ កំពុងសិក្សានៅប្រទេសអូស្ដ្រាលី៕






