ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សរុប​ បាន​កើនឡើង​ដល់​ជិត​ ២៩ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល១០ខែ​ ក្នុង​ឆ្នាំនេះ

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ សម្រាប់​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយ​ទីផ្សារ​អន្តរជាតិ​នានា​នៅក្នុង​រយៈពេល​ ១០ខែ​នៃ​ឆ្នាំ​ ២០១៩​ នេះ​ បានសម្រេច​រហូតដល់​ជិត២៩ពាន់​ដុល្លារ​ ដែល​ក្នុង​នោះ​ ការនាំចេញ​ពី​កម្ពុជា​មាន​ជាង​ ១២ពាន់​ដុល្លារ​ ហើយ​ការនាំចូល​មាន​ទំហំ​ជិត​ ១៧​ ពាន់​លាន​ដុល្លារ​ ។ នេះ​បើ​តាម​តាម​របាយការណ៍​នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​ នៃ​ក្រ​សួ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ភ្នាក់ងារ​ព័ត៌មាន​ទើប​ទទួល​បាន​។

គិត​ត្រឹម​ដំណាច់ខែ​តុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដែល​ក្នុង​នោះ​ការនាំចេញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​មាន​ទំហំ​ទឹកប្រាក់​ ១២០២៩​ លាន​ដុល្លារ​ កើនឡើង​ជាង​ ១៥ភាគរយ​ ហើយ​ការនាំចូល​មកកាន់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១៦៩៦៣​ លាន​ ដុល្លារ​ កើនឡើង​ប្រមាណ​ ២០ភាគរយ​ ប្រើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​ការសម្រេច​បាន​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ខាងលើ​នេះ​។ មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ថា​ “សមិទ្ធផល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ដែល​យើង​ទទួល​បានខាង​លើ​នេះ​ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​របស់​កម្ពុជា​នៅពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​”។

លោក​បាន​បន្ត​ទៀត​ថា​ “គិត​ត្រឹម​ចុងឆ្នាំ២០១៩នេះ​ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានការ​កើនឡើង​ល្អ​ ហើយ​វា​នឹង​នៅតែ​បន្ត​ឡើង​ទៀត​នៅ​ឆ្នាំ​បន្ទាប់​ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​អាច​បំពេញ​ចំណូល​បន្ថែម​ជាច្រើន​ដែល​អាច​ទាញ​យក​ពី​វិស័យ​នានា​ ដូចជា​ វិស័យ​អចលនទ្រព្យ​ វិស័យ​ទេសចរណ៍​ ក៏ដូចជា​ធនធាន​រ៉ែ​ មួយចំនួន​ទៀត​ ជាពិសេស​តំណក់​ប្រេង​ ដែល​គ្រោង​នឹង​ចាប់​ប្រតិបត្តិ​ការ​នៅ​ត្រឹម​ឆ្នាំ២០២០ខាង​មុ​ខនេ​” ។

ទីផ្សារ​ធំ​ដែល​ទទួលស្វាគមន៍​ផលិតផល​ពី​កម្ពុជា​ រួមមាន​ដូចជា​ ទីផ្សារ​អាស៊ាន​ សហរដ្ឋអាមេរិក​ សហគមន៍​អឺរ៉ុប​ ចក្រភព​អង់គ្លេស​ ចិន​ ជប៉ុន​ រួម​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេង​ៗមួយចំនួន​ ដែល​ក្នុង​នោះ​មាន​តម្រូវការ​ទៅលើ​ផលិតផល​វិស័យ​កាត់ដេរ​ ដូចជា​ សម្លៀកបំពាក់​ ស្បែកជើង​ គ្រឿង​បង្គុំ​អេឡិចត្រូនិក​, កង់​, ឈើ​កែច្នៃ​, ស្រូវ​, អង្ករ​, កៅស៊ូ​, ស្ករស​, ផលិតផល​ជលផល​, មាស​ និង​វិ​ស័យ​ផ្សេង​ៗមួយចំនួន​ទៀត​។

ដោយឡែក​សម្រាប់​ ផលិតផល​ដែល​ត្រូវ​បាន​នាំចូល​មកកាន់​កម្ពុជា​វិញ​រួមមាន​ ដូចជា​ ថ្នាំពេទ្យ​ បារី​ ភេសជ្ជៈ​ គ្រឿង​ និង​ចំណីអាហារ​ រួម​នឹង​គ្រឿង​បរិ​ក្ខា​សំណង់​ គ្រឿង​អេ​ឡិច​ត្រូ​និច​ វាយនភ័ណ្ឌ​ និង​សំលៀកបំពាក់​ ទោចក្រយាន​យន្ត​ គ្រឿង​បម្លាស់​យានយន្ត​ បរិក្ខារ​ត្រជាក់​ មាស​ ប្រេង​ឥន្ទ​នៈ​ ជី​កសិកម្ម​ ជាដើម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here