ដោយ Donald Lee
ភ្នំពេញៈ មូលនិធិវិនិយោគរុស្ស៊ី និងចិន (RCIF) បានបង្ហាញថា ក្រុមវិនិយោគចិន និងរុស្ស៊ីមានគម្រោងជាច្រើន ដែកគ្រិងវិនិយោគរួមគ្នាមានតម្លៃទឹកប្រាក់១១២ ពាន់លានដុល្លារកំពុងស្ថិតក្នុងការគ្រោងទុកសម្រាប់ការអភិវឌ្ឍ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ នៅឯគណៈកម្មការវិនិយោគរុស្ស៊ី និងចិន។
ការចេញផ្សាយដោយមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានឱ្យដឹងថា “មកដល់ពេលនេះ គណៈកម្មាធិការប្រឹក្សាអាជីវកម្មរុស្ស៊ី និងចិនកំពុងពិចារណាលើគម្រោងចំនួន៧០ សម្រាប់ទឹកប្រាក់សរុបចំនួន១១២ពាន់លានដុល្លារ។ គណៈកម្មាធិការបានជួយអនុវត្តគម្រោងឆ្លងកាត់ព្រំដែន ដែលមានតម្លៃជាង១០ពាន់លានដុល្លារអាមេរិករួចហើយ”។
ភាគីទាំងពីរក៏បានយល់ព្រមធ្វើជាដៃគូ លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់រុស្ស៊ីដូចជា Amazon ឬ Alibaba។ ក្រុមហ៊ុន RDIF ក្រុមហ៊ុន Alibaba Group ក្រុមហ៊ុន Mail.ru Group និងក្រុមហ៊ុនMegafon គ្រោងនឹងក្លាយជាផ្នែកមួយ នៃគំរោងភាពជាដៃគូរួមគ្នានេះ។
ចិនបានខិតទៅជិតប្រទេសរុស្ស៊ី នៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានឈានដល់ខែទី១៧ ហើយ។ សង្រ្គាមពាណិជ្ជកម្មបានធ្វើឱ្យរំខានដល់សង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មនៅជុំវិញពិភពលោក និងគំរាមកំហែងទម្លាក់សណ្តាប់ធ្នាប់សេដ្ឋកិច្ចដែលមានស្រាប់។
ក្រុមអ្នកវិភាគបានអះអាងថា សង្គ្រាមពាណិជ្ជកម្ម គឺជាការឈានមុខគេនៅក្នុងសង្គ្រាមត្រជាក់ថ្មីមួយនេះ ដែលពាក់ព័ន្ធនឹងអាមេរិកនិងចិន។
ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងជិត៣០ភាគរយកាលពីឆ្នាំ មុន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងពីជាង១០០ពាន់លានដុល្លារទៅ២០០ពាន់លានដុល្លារនៅឆ្នាំ២០២៤។

នាយករដ្ឋមន្រ្តីរុស្ស៊ីលោកឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសរុស្ស៊ីកាលពីដើមឆ្នាំនេះថា “ផែនការនេះ គឺដើម្បីសម្រេចបាននូវគម្រោងទាំងនោះ តាមរយៈគម្រោងរួមគ្នាក្នុងវិស័យថាមពល ឧស្សាហកម្ម បច្ចេកវិទ្យា និងកសិកម្ម”។
លោកមេដ វេដេវបានបន្ថែមថា “យើងកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួន ដើម្បីដករបាំងដែលរារាំងការអភិវឌ្ឍពាណិជ្ជកម្មកសិកម្ម។ វាទាក់ទងនឹងការផ្គត់ផ្គង់សណ្តែកសៀង ស្រូវសាលី និងដំណាំមួយចំនួនទៀតទៅចិន”។
ចំណុចសំខាន់មួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនគឺការទិញផលិតផលកសិកម្មរបស់អាមេរិក ដូចជា សណ្តែកសៀងពីចិន។ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកចង់ឱ្យចិនព្រមទិញទំនិញកសិកម្ម មានតម្លៃ៥០ ពាន់លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម៕






