ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-វៀតណាម បានរៀបចំសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនឆ្នាំ២០២១-២០៣០។

យោងតាមកិច្ចប្រជុំបច្ចេកទេសរវាង លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងលោកស្រី ផាន់ ង៉ុកម៉ាយភឿង អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍យុទ្ធសាស្រ្ត នៃក្រសួងផែនការសារធារណរដ្ឋវៀតណាមកាលពីថ្ងៃទី ២៧ ខែវិច្ឆិកាម្សិលមិញនៅខេត្តកំពតនេះ បានពិភាក្សាផ្តោតលើវិស័យសំខាន់ៗចំនួន០៩ រួមមាន វិស័យគមនាគមន៍ វិស័យវិនិយោគ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យបរិស្ថាន វិស័យសុខាភិបាល ព្រមទាំងខឿនសេដ្ឋកិច្ចជាប់ព្រំដែន។
លោក ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ខេត្តកំពតដែលជាខេត្តជាប់នឹងខេត្តគៀនយ៉ាងនៃប្រទេសវៀណាម មានសក្តានុពលគ្រប់វិស័យទាំង៩នេះខាងលើ។
ខេត្តកំពតបានរៀបចំកិច្ចសហប្រត្តិបត្តការដោយគ្រោងបង្កើតផ្សារតាមព្រំដែន សាងសង់កំពង់ផែចំនួន៥ ដែលក្នុងនោះមាន កំពង់ផែអន្តរជាតិ០១។
លោកបន្តថា ជាមួយនេះ ខេត្តកំពតបាន និងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិសម្រាប់ទាក់ទាញភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានឲ្យមកទស្សនាកម្សាន្ត ហើយក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសស្ថាបនាផ្លូវទៅកាន់ប្រទេសវៀតណាមជាដើម។

លោកបន្ថែមថា ដោយឡែក រាល់បញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការរវាងខេត្តកំពត និងខេត្តគៀនយ៉ាង ក៍ដូចជាប្រទេសវៀតណាម រដ្ឋបាលខេត្តកំពតនឹងខិតខំប្រឹងប្រែងឲ្យនៅកម្រិតអប្បបរមាតាមដែលអាចធ្វើបាន៕






