ដោយ Donald Lee
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក និងចិនដំណាក់កាលទី ១ កំពុងស្ថិតក្នុងហានិភ័យនៃការបរាជ័យ ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើច្បាប់ដែលគាំទ្រដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងកាលពីថ្ងៃពុធ។
រដ្ឋាភិបាលហុងកុងបានរិះគន់សកម្មភាពរបស់លោក Trump ដោយបញ្ជាក់ថា វានឹងបង្កអន្តរាយដល់ទំនាក់ទំនងនិងផលប្រយោជន៍រវាងហុងកុង និងអាមេរិក។ ទីក្រុងប៉េកាំងបានថ្កោលទោសការសំរេចចិត្តរបស់លោក Trump ដោយចាត់ទុកវាជា ចេតនាអាក្រក់។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃពុធ ថា “ខ្ញុំបានចុះហត្ថលេខាលើច្បាប់ទាំងនេះដោយគោរពប្រធានាធិបតីលោកស៊ី ចិននិងប្រជាជនហុងកុង។ ច្បាប់ទាំងនេះកំពុងត្រូវបានអនុម័តដោយសង្ឃឹមថា មេដឹកនាំ និងអ្នកតំណាងចិន និងហុងកុងនឹងអាចដោះស្រាយដោយសន្តិវិធីនូវភាពខុសគ្នារបស់ពួកគេដែលនាំឱ្យមានសន្តិភាព និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សគ្រប់គ្នា”។
ច្បាប់នេះចែងថា ក្រសួងការបរទេសអាមេរិកត្រូវតែផ្ទៀងផ្ទាត់ស្វ័យភាពរបស់ហុងកុងដើម្បីឱ្យខ្លួនរក្សាការពិចារណាពាណិជ្ជកម្មពិសេសរបស់អាមេរិក។ ច្បាប់ទី ២ បានហាមឃាត់ការលក់ហ្គាសបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រទៅអោយអាជ្ញាធរប៉ូលីសនៅហុងកុង។ការិយាល័យតំណាងចិននៅហុងកុងបានចេញសេចក្តីស្តីបន្ទោសលើសកម្មភាពរបស់រដ្ឋាភិបាលអាមេរិក។
ការិយាល័យនេះ បានឱ្យដឹងថា “យើងកំពុងប្រាប់អាមេរិកជាផ្លូវការ និងអ្នកនយោបាយប្រឆាំងមួយចំនួននៅក្នុងទីក្រុងហុងកុងដែលដើរតាមការនាំមុខរបស់អាមេរិកក្នុងការមិនមើលស្រាលការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារភាពរុងរឿង និងស្ថេរភាពរបស់ហុងកុង កុំមើលស្រាលជំនឿរបស់យើងដើម្បីការពារប្រទេសមួយ និងគោលនយោបាយប្រព័ន្ធពីរ ហើយកុំមើលស្រាលសមត្ថភាព និងយុទ្ធសាស្ត្ររបស់យើងក្នុងការការពារអធិបតេយ្យភាព សុវត្ថិភាព កំណើន និងសិទ្ធិរបស់ប្រទេសយើង”។
Trump បាននិយាយថា អ្នកចរចាពាណិជ្ជកម្មទាំងសងខាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ កាលពីដើមសប្តាហ៍នេះ។ លោក Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃ អង្គារ កន្លងមកនេះថា “យើងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងដ៏សំខាន់មួយ។ ខ្ញុំគិតថា អ្នកអាចនិយាយថា កិច្ចព្រមព្រៀងដ៏សំខាន់បំផុតមួយនៅក្នុងពាណិជ្ជកម្ម។ វានឹងដំណើរការល្អ ប៉ុន្តែនៅពេលជាមួយគ្នា យើងចង់ឃើញវាដំណើរការល្អនៅក្នុងទីក្រុងហុងកុង”៕






