ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងលើការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២ដល់រដ្ឋាភុបាលកម្ពុជា ដែលមានតម្លៃទឹកប្រាក់ចំនួន ៦៧,១លានអឺរ៉ូ ស្មើនឹងជាង៧៤លានដុល្លារសហរដ្ឋអាមេរិក។

បន្ទាប់ពីបញ្ចប់កិច្ចជំនួបទ្វេភាគី រវាងតំណាងថ្នាក់ដឹកនាំប្រទេសទាំង២ ដែលមានលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កិច្ចព្រមព្រៀង និងចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២ ដែលមានទឹកប្រាក់សរុបចំនួន ៦៧.១លានអឺរ៉ូ (ប្រមាណជា ៧៤លានដុល្លារអាមេរិក)ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងកិច្ចព្រមព្រៀងចុះហត្ថលេខាលើហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន២រវាងប្រទេសទាំង២រួមមានដូចជា ១ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៨។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការឆ្នាំ ២០១៨ នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ សម្រាប់ហិរញ្ញប្បទាន លើគម្រោងប្រសិទ្ធិភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។
ឥណទានសម្បទានចំនួន៣០លានអឺរ៉ូ គឺឥណទានសម្បទានទី១ ដែលភាគីអាល្លឺម៉ង់ហៅថា «Reduced Interest Loan» នឹងត្រូវបានផ្តល់តាមរយៈធនាគារអភិវឌ្ឍន៍ អាល្លឺម៉ង់ (KfW)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយទៀត ដើម្បីទទួលបានឥណទាន មកប្រើប្រាស់សម្រាប់អនុវត្តន៍ គម្រោងប្រសិទ្ធិភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ។
ទី២ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ឆ្នាំ២០១៩។ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៩នេះ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងផ្តល់ឥណទានសម្បទានចំនួន៣០លានអឺរ៉ូសម្រាប់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ សម្រាប់កម្ពុជា និងហិរញ្ញប្បទានឥតសំណងចំនួន៥.១លានអឺរ៉ូ សម្រាប់គាំទ្រការធ្វើហិរញ្ញប្បទានលើគម្រោងជាក់លាក់មួយចំនួនទៀត។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នបានមានប្រសាសន៍ថា រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ គឺជាដៃគូអភិវឌ្ឍន៍ប្រទេសអឺរ៉ុបទី២ បន្ទាប់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង (ប្រទេសបារាំង បានចាប់ផ្តើមផ្តល់ឥណទានសម្បទានទី១ របស់ខ្លួនដល់កម្ពុជា នៅឆ្នាំ២០១៣) ដែលបានផ្តល់ឥណទានសម្បទានដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការគាំទ្រដល់ គោលនយោបាយអភិវឌ្ឍន៍ និងវិស័យអាទិភាពនានារបស់រដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ ជាមិត្តភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងការជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ដោយភាគីមិត្តប្រកាន់ខ្ជាប់នូវគោលនយោបាយ ផ្តល់ឥណទានសម្បទានរបស់ខ្លួន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា៕






