ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងឡាយ ពិសេសរដ្ឋបាលខេត្តសៀមរាប ត្រូវខិតខំប្រែក្លាយតំបន់«Pub Street» នៅក្រុងសៀមរាប ទៅជាតំបន់ទេសចរណ៍គ្មានផ្សែងបារី និងមានបរិស្ថានស្អាត។
លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ស្តីពីទីក្រុងគ្មានផ្សែងបារី នាថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា “មាសបៃតង” ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការពារបរិស្ថាន និងអភិរក្សវប្បធម៌ ប្រពៃណី ប្រាង្គប្រាសាទនានា ដែលជាសម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបាន។
លោកបន្តថា “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ គឺជាគោលការណ៍មួយដែលក្រសួងទេសចរណ៍បានប្រកាន់ខ្ជាប់ ដើម្បីចូលរួមលើកកម្ពស់ក្នុងការទប់ស្កាត់ផលប៉ះពាល់សុខភាព និងបរិស្ថានដែលកើតឡើងពីផលិតផលថ្នាំជក់”។
ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការងារដោយផ្ទាល់ជាមួយផ្នែកពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ក្នុងន័យធានាឲ្យបានថា “កម្ពុជាកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍មួយ ដែលគ្មានផ្សែងបារី សក្តិសមជាមាសបៃតង ដែលបានចូលរួមកសាងសេដ្ឋកិច្ចបៃតង និងសហគមន៍បៃតង”។
លោករដ្ឋមន្ត្រីបន្ថែមទៀតថា ដើម្បីជំរុញគាំទ្រឲ្យទីក្រុងគ្មានផ្សែងបារី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ព្រមទាំងអនុក្រឹត្យ ប្រកាសសារាចរ និងសេចក្តីណែនាំនានា ក្នុងការជំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលគ្មានផ្សែងបារី ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកថោង ខុនបានបន្តទៀតថា ការបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារី ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតង នៅតាមសហគមន៍ទេសចរណ៍ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់អេកូទេសចរណ៍ធម្មជាតិនានា។
លោកបានជំរុញឱ្យការពង្រីកវិសាលភាពនេះ បានទៅដល់សហគមន៍ទេសចរណ៍បន្ថែមទៀត ពីព្រោះការរៀបចំសហគមន៍ទេសចរណ៍គ្មានផ្សែងបារី គឺពិតជាបានចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យវិស័យទេសចរណ៍កាន់តែល្អប្រសើរ ប៉ុន្តែយើងគួរយកចិត្តទុកដាក់ពង្រីកដែនកំណត់ នៃបរិស្ថានគ្មានផ្សែងបារី ឲ្យមានវិសាលភាពធំទូលាយ ដូចជានៅតាមទីសាធារណៈនៅតាមកន្លែងធ្វើការ នៅតាមវត្តអារាម និងនៅតាមកន្លែងផ្សេងៗទៀត ដើម្បីប្រែក្លាយទីក្រុងយើងទាំងមូលជាទីក្រុងដែលគ្មានផ្សែងបារី៕