វិស័យ​ទេសចរណ៍​អាស៊ាន​មាន​កំណើន​ ខណៈ​ភ្ញៀវ​ទេសចរ​ចង់​នៅ​ឆ្ងាយ​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​អាស៊ី​ឦសាន​

0

ដោយ​ ម៉ា​ណេត

​ភ្នំពេញ​៖ កម្ពុជា​ ថៃ​ ម៉ាឡេស៊ី​ និង​វៀតណាម​សុទ្ធសឹងតែ​ឃើញ​ចំនួន​ទេសចរណ៍​ពី​បរទេស​កើនឡើង​ និង​ពង្រីក​វិស័យ​នេះ​ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ និង​ជម្លោះ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​នៅតែ​បន្ត​រំខាន​ដល់​សង្វាក់​តម្លៃ​ពិភពលោក​ និង​ធ្វើ​ឱ្យ​មានការ​ធ្លាក់ចុះ​នូវ​វិស័យ​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ី​។

ភាគច្រើន​នៃ​កំណើន​នេះ​គឺ​ដោយសារតែ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ជ្រើសរើស​ហោះហើរ​ឆ្ពោះទៅ​ទិសខាងត្បូង​ ទិសដៅ​អាស៊ាន​ជំនួស​ឱ្យ​ទីតាំង​អាស៊ី​ខាងកើត​។

ក្រុម​អ្នកវិភាគ​បាន​សន្មត់​ថា​ កំណើន​ទេសចរណ៍​អាស៊ាន​នឹង​ថយ​ចុះ​ស្រប​នឹង​វិស័យ​ផ្សេងទៀត​ដែល​បាន​ធ្លាក់ចុះ​ ដោយសារ​ផល​ប៉​ពាល់​នៃ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​មាន​រយៈពេល​ ១៦​ ខែ​ និង​ការ​កើតឡើង​ជម្លោះ​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​។

ទោះ​យ៉ាងណា​ទិន្នន័យ​នា​ពេល​ថ្មី​ៗនេះ​ បាន​បង្ហាញថា​ ការ​រីកចម្រើន​នៃ​ឧស្សាហកម្ម​ទេសចរណ៍​គឺ​ផ្តើម​ចេញពី​ភ្ញៀវ​ទេសចរ​អាស៊ី​បូព៌ា​ដែល​សម្រេចចិត្ត​ហោះហើរ​ទៅ​ភាគ​ខាងត្បូង​សម្រាប់​វិស្សមកាល​ និង​ថ្ងៃឈប់​សម្រាក​ ខណៈ​ភាព​តានតឹង​ពាណិជ្ជកម្ម​កើនឡើង​នៅ​អា​ស៊ី​ឦលាន​។

ក្រសួងទេសចរណ៍​កម្ពុជា​បាន​បង្ហាញថា​ ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​កើនឡើង​ ១០​ ភាគរយ​ក្នុងរយៈពេល​ ៣ ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។

របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ ជនបរទេស​ជិត​ ៥ លាន​នាក់​បាន​មក​ទស្សនា​កម្ពុជា​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។ក្រសួង​ បានឱ្យ​ដឹង​ថា​ ចំនួន​ជនជាតិ​ចិន​បាន​ចូលរួម​ចំណែក​នៃ​ទីផ្សារ​ទេសចរ​បរទេស​ច្រើនជាង​គេ​នៅ​កម្ពុជា​។

ទេសចរ​ចិន​មាន​ចំនួន​ ៤០​ ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​ដែល​បាន​មកដល់​កម្ពុជា​ ដោយមាន​ចំនួន​ជាង​ ២ លាន​នាក់​ដែល​បាន​រំពឹង​ថា​នឹង​មកដល់​នៅ​ចុងឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​ទេសចរណ៍​ថៃ​រំពឹង​ថា​នឹង​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​ឧស្សាហកម្ម​នេះ​ ស្រប​ជាមួយ​វិស័យ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។ វិស័យ​ទេសចរណ៍​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ថៃ​ដែល​មាន​ចំនួន​ស្មើនឹង​ ១ ភាគ​ ៥ នៃ​ GDP​ របស់​ប្រទេស​នេះ​។

ធនាគារ​កណ្តាល​ថៃ​បាន​ទម្លាក់​អត្រា​ការប្រាក់​នៅ​ខែ​នេះ​ជា​លើក​ទី​ ២ នៅ​ឆ្នាំនេះ​ដើម្បី​ទប់ស្កាត់​កំណើន​ប្រាក់​បាត​ដែល​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ និង​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ ការ​ឡើងថ្លៃ​ប្រាក់​បាត​ដែល​ជា​រូបិយប័ណ្ណ​អាស៊ី​ឡើងថ្លៃ​ខ្ពស់​បំផុត​នៅ​ឆ្នាំនេះ​នឹង​រារាំង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​គិត​ពី​ថវិកា​ចេញ​ឆ្ងាយ​ពី​ថៃ​ ដោយសារ​អំណាច​ចំណាយ​របស់​ពួកគេ​មានការ​ថយ​ចុះ​ទាក់ទង​នឹង​ការ​ឡើងថ្លៃ​រូបិយប័ណ្ណ​នេះ​។

ទោះ​យ៉ាងណា​ វិស័យ​ទេសចរណ៍​ថៃ​នៅតែ​មាន​កំណើន​ពេញ​មួយឆ្នាំ​ ២០១៩​ ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​នេះ​យ៉ាងច្រើន​។ក្រសួងទេសចរណ៍​ និងកីឡា​ថៃ​បាន​បង្ហាញថា​ ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ២៩.៥​ លាន​នាក់​បាន​ចូល​មក​ប្រទេស​នេះ​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ​ដែល​ជា​ការ​កើនឡើង​ ៣,៥​ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨​។

វិស័យ​ទេសចរណ៍​បាន​បង្កើត​ប្រាក់ចំណូល​ចំនួន​ ៤៧​ ពាន់​លាន​ដុល្លារ​គិត​ចាប់ពី​ខែ​ មករា​ ដល់​ខែ​ កញ្ញា​។លើស​ពីនេះ​ទៀត​ វិស័យ​ទេសចរណ៍​ម៉ាឡេស៊ី​បាន​កើនឡើង​ ៣,៧​ ភាគរយ​ដោយមាន​ភ្ញៀវ​ទេសចរ​ជាង​ ២០​ លាន​នាក់​បាន​ចូល​មក​ទស្សនា​ក្នុងរយៈពេល​ ៩ ខែ​ដំបូង​នៃ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​ សិល្បៈ​ និង​វប្បធម៌​ម៉ាឡេស៊ី​។ វិស័យ​នេះ​រកចំណូល​បាន​ជិត​ ១៦​ ពាន់​លាន​ដុល្លារ​ចាប់ពី​ខែ​ មករា​ ដល់​ខែ​ កញ្ញា​ ឆ្នាំនេះ​ដែល​មាន​កំណើន​ប្រចាំឆ្នាំ​ ៧ ភាគរយ​។

វិស័យ​ទេសចរណ៍​នៅតែ​មាន​ទោះបីជា​មានការ​ថយ​ចុះ​នៃ​វិស័យ​នានា​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ យោង​តាម​ធនាគារ​កណ្តាល​ Negara​ Malaysia​ (BNM​) កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​បន្តិច​ពី​ ៤,៩​ ភាគរយ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ត្រីមាស​ទី​ ២ ដល់​ ៤,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣។របាយការណ៍​ប្រចាំត្រីមាស​បាន​បង្ហាញថា​ “កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​មានកម្រិត​មធ្យម​ដល់​ ៤,៤​ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣ នៃ​ឆ្នាំ​ ២០១៩​ ​ដែល​បណ្តាល​មក​ពី​កំណើន​សេដ្ឋកិច្ច​ទាប​ក្នុង​វិស័យ​សំខាន់​ និង​សកម្មភាព​រុករក​រ៉ែ​ និង​សំណង់​ធ្លាក់ចុះ​។ ផ្នែក​ខាង​តម្រូវការ​ តម្រូវការ​ក្នុង​ស្រុក​ និង​ការនាំចេញ​សុទ្ធ​ភាគច្រើន​មានសន្ទុះ​កំណើន​យឺត​ជាង​មុន​”។

យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​ (GSO​) ស្រប​នឹង​ប្រទេសជិតខាង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ខ្លួន​ វិស័យ​ទេសចរណ៍​វៀតណាម​មានការ​កើនឡើង​ ១៣​ ភាគរយ​នៅក្នុង​ឆ្នាំនេះ​ ដោយមាន​ចំនួន​ភ្ញៀវ​ទេសចរ​ ១៤,៥​ លាន​នាក់​បាន​មក​ទស្សនា​វៀតណាម​ក្នុងរយៈពេល​ ១០​ ខែ​ឆ្នាំ​ ២០១៩​ ដែល​មាន​ជនជាតិ​ចិន​ និង​កូរ៉េ​ខាងត្បូង​មាន​ចំនួន​ជាង​ ៥៦​ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here