ដោយ វុត្ថា
ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ត្រីជំនាញការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ត្រូវតែមានគុណភាព ធានាការប្រើប្រាស់បានយូរ និងបង្កើនសោភ័ណភាព បរិស្ថានខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកខេត្តមាត់សមុទ្រកាន់តែច្រើនឡើង។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំបែបនេះ នៅក្នុងពិធីដឹកនាំមន្ត្រីពាក់ព័ន្ធចុះ ពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដែលផ្លូវនេះបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ផ្អែកលើសក្តានុពលពីធម្មជាតិ ខេត្តព្រះសីហនុ មានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ត្រកាល ជាការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ការគិតគូរកសាងបំពេញបន្ថែម ដើម្បីបំរើសេចក្តីត្រូវការរបស់ខេត្ត ។
លោកបន្តថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បាននិងកំពុងបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ពិសេសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ផ្លូវទាំងអស់នេះ កសាងប្រកបដោយគុណភាព និងសោភ័ណភាព បំរើឱ្យវិស័យទេសចរណ៍របស់យើង។

ក្រុមហ៊ុនចំនួន៨ ដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុនេះ បានឹងកំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមគោលដៅនៃការដ្ឋានរបស់ខ្លួនដែលគ្រោងចំណាយពេលនៃការស្ថាបនាក្នុងរយៈពេល៨ខែ ពោគឺចប់នៅពាក់កណ្តាលឆ្នាំ ២០២០ខាងមុខនេះ។

តាមរយៈរូបមន្ត “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ថវិកាជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុម័ត្តដើម្បីកសាងផ្លូវចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ ឡើងវិញ មានប្រវែងជាង ៨៤គីឡូម៉ែត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាព ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ដប្រកបដោយគុណភាព គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានក្នុងការទ្រទ្រង់ការអភិវឌ្ឍនៅខេត្ដព្រះសីហនុ៕







