កម្ពុជា​ទទួល​បាន​គម្រោង​លំនៅឋាន​ចំនួន​ ២៣១៧​ គម្រោង​ ដែល​មាន​ទុន​វិនិយោគ​ ប្រមាណ​ ៣៤៤លាន​ដុល្លារ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្ហាញថា​ ក្នុងរយៈពេល​ ៩ខែ​ នៃ​ឆ្នាំ​ ២០១៩​ នេះ​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​លំនៅឋាន​មាន​ចំនួន​ ២៣១៧​ គម្រោង​មានផ្ទៃ​ក្រឡា​សរុប​ចំនួន​ ៩៨៨១២០​ ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ទុន​វិនិយោគ​ប្រមាណ​ ៣៤៤​ ៨០១​ ៥១៥​ ដុល្លារ​ គឺ​មានការ​កើនឡើង​ចំនួន​ ១១៥​ , ២១​ % ។

លោក​ តាន់​ មុនី​វណ្ណ​ ទីប្រឹក្សា​បច្ចេកទេស​នៃ​សម​គម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ ថា​ បើ​ក្រឡេក​មើលក្នុង​វិស័យ​លំនៅឋាន​ក្នុង​ស្រុក​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ ទាំង​អ្នក​អភិវឌ្ឍន៍​ និង​តម្រូវការ​ តែ​មាន​បញ្ហា​ខ្លះ​ចំពោះ​អ្នក​អភិវឌ្ឍន៍​មក​ពីក្រៅ​ស្រុក​ដូច​មក​ប្រទេស​ចិន​ដែល​បាន​នឹង​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយសារ​ដាក់​តំលៃ​ខ្ពស់​ចំពោះ​ការទិញ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថា​ “តម្រូវការ​ក្នុង​វិស័យ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​រហូតមកដល់​ពេលនេះ​ នៅតែ​មានដំណើរ​ល្អ​ប្រសើរ​ជាប្រក្រតី​ទាំង​អ្នក​អភិវឌ្ឍន៍​ និង​អ្នកមាន​តម្រូវការ​នៅក្នុង​ស្រុក​”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​ បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ទីផ្សារ​លំនៅឋាន​រហូ​តម​ដល់ពេល​នេះ​នៅតែ​មាន​តម្រូវការ​ជាប្រចាំ​ ជាពិសេស​តម្រូវការ​ពី​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​ និង​លំនៅឋាន​តម្លៃ​សមរម្យ​ ព្រមទាំង​មានការ​សម្រួល​ការ​​បង់លុយ​ល្អ​ប្រសើរ​ដល់​ចង់បាន​ផ្ទះ​រស់នៅ​ ។

លោកស្រី​ថា​ “មនុស្ស​កាន់តែ​កើន​ អចលនទ្រព្យ​លំនៅឋាន​នៅតែ​មាន​តម្រូវការ​របស់​មនុស្ស​ប្រដូច​ទៅ​នឹង​សត្វ​ចាប​ដែល​ត្រូវការ​សំបុក​សម្រាប់​រស់នៅ​ដូច្នោះឯង​” ។

លោកស្រី​បន្ថែម​ទៀត​ថា​ តម្រូវការ​លំនៅឋាន​មាន​ទាំង​នៅក្នុង​ទីក្រុង​ និង​ជាយក្រុង​ភ្នំពេញ​ទៅតាម​ចំណូល​របស់​ពលរដ្ឋ​ នៅតែ​មានសន្ទុះ​ការ​រីក​ចំរើន​។ អ្នក​ដែល​មាន​ចំណូល​ខ្ពស់​ស្វែងរក​លំនៅឋាន​នៅក្នុង​ទីក្រុង​ ឬកណ្តាល​ទីក្រុង​ និង​អ្នក​ដែល​មាន​ចំណូល​មធ្យម​ ឬចំណូល​ទាប​ស្វែងរក​លំនៅឋាន​នៅ​តាម​ជាយក្រុង​ភ្នំពេញ​។

លោកស្រី​ក៏បាន​អំពាវ​ដល់​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​កុំឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​លក់​លំនៅឋាន​ដែល​ខ្លួន​បាន​សាង់​មិន​ចេញ​នោះ​ ព្រោះ​តម្រូវការ​នៅតែ​មាន​ជា​ប្រចំា​ តែ​ត្រូវ​អភិវឌ្ឍន៍​យ៉ាងណា​ឱ្យ​មាន​សោភ័ណភាព​ បរិស្ថាន​បៃតង​ និង​ មាន​ដើមឈើ​ព័ន្ធ​ជុំវិញ​នោះ​នឹង​លក់ដាច់​ហើយ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​ដែរ​ថា​ ទីផ្សារ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​មានការ​រីក​ចំរើន​ មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ​ ដោយសារ​ប្រទេស​កម្ពុជា​មាន​យុវ​ជនក្មេងៗ​នៅ​មាន​ច្រើន​ ដែល​ត្រូវការ​លំនៅឋាន​កាន់តែ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​ជាពិសេស​អ្នក​ដែល​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​។

លោក​ច្រឹក​ សុ​ខនី​មបន្ត​ទៀត​ថា​ បច្ចុប្បន្ន​សន្ទុះ​ នៃ​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ ដ្ឋាន​មួយ​នេះ​ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅឡើយ​ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន​ និង​ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ក្រុង​ ដូច្នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ដែល​អាច​ផ្តល់​ឱកាស​ចំណេញ​ដល់​អ្នក​វិនិយោគ​ក្នុង​ពេល​ដ៏​ខ្លី​។

លោក​ថា​ “វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ផ្តល់​ភាពល្អ​ប្រសើរ​ទាំងសងខាង​ អ្នក​វិនិយោគ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ចំណេញ​ ហើយ​អ្នកទិញ​អាច​មានលទ្ធភាព​ទទួល​បាន​លំនៅ​ដ្ឋាន​ស្នាក់នៅ​សមរម្យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here