ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដី នគរូបនីយកម្ម និងសំណង់ បានប្តេជ្ញាអនុវត្តបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យសម្រេចបាន ១០០ % នៅត្រឹមឆ្នាំ ២០២១ ខាងមុខនេះ ខណៈក្រុមការងាររបស់ក្រសួងបាននឹងកំពុងមមាញឹកចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសកម្ពុជា។

-->
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងវេទិកា នគរូបនីយកម្មកម្ពុជា ស្តីពី «ការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ម្សិលមិញនេះឱ្យដឹងថាការចុះបញ្ជីដីធ្លីរហូតមដល់ពេលនេះបានប្រមាណជាង ៧៨ភាគរយ នៃក្បាលដីសរុប ដែលនៅសល់ប្រមាណ ៧លានក្បាលដីទៀតគ្រោងបញ្ចប់នៅឆ្នាំ២០២១។
លោកបន្តថា “ការចុះបញ្ជីដីធ្លីនេះ ត្រូវបានចាត់ទុកជារបបកម្មសិទ្ធិដីធ្លី មានការចុះបញ្ជីដី មានប្រព័ន្ធសុរិយោដីចុះបញ្ជីច្បាស់លាស់តាមគោលការណ៍នីតិរដ្ឋ ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីកន្លងមកនេះ” ។
លោករដ្ឋលេខាធិការរូបនេះបញ្ជាក់ទៀតថា ការអភិវឌ្ឍនគរូបនីយកម្ម អចលនទ្រព្យ និងសំណង់កំពុងមានកំណើនក្នុងសន្ទុះដ៏លឿនបានក្លាយជាសសរស្ដម្ភស្នូលនៃការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
រដ្ឋាភិបាលបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជ រដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋ គ្រប់គ្នាទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្រផងដែរ៕