ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សាគម្រោងស្ថាបនា ខ្សែរថភ្លើងលើអាកាសមួយចំនួននៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីទទួលបានសិទ្ធិសិក្សាពីក្រសួងសាធារណៈការ និងដឹកជញ្ជូកាលពីកន្លងមកនេះ។
លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធាធារណៈការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះបានឱ្យដឹងថាក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនដ៏ធំមួយ មកពីប្រទេសចិន បានធ្វើការសិក្សាចប់សព្វគ្រប់អស់ហើយ នៅខ្សែផ្លូវរថភ្លើងលើអាកាស មួយចំនួនដោយរងចាំតែក្រុមការងារបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនរៀបចំកិច្ចប្រជុំពិភាក្សាលំអិតលើការសិក្សានេះ។
-->
លោកបន្តថា “មកដល់ពេលនេះ ក្រសួងកំពុងសិក្សាលម្អិតទៅលើរបាយការណ៍សិក្សានេះ និងរង់ចាំការធ្វើបទបង្ហាញពីក្រុងមហ៊ុន”។ លោកបន្ថែមថា “បន្ទាប់ពីពិនិត្យលើរបាយការណ៍រួចហើយ ក្រសួងនឹងធ្វើការប្រជុំជាមួយអន្តរក្រសួង និងជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលើករណីនេះ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការដំណើរការ តែដំណើរពេលណានោះមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការបន្តិចសិន” ។
អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លំអិតពីចំណុចខ្សែរថភ្លើងលើអាកាស ដែលត្រូវបានក្រុមហ៊ុនចិនសិក្សាបញ្ចប់រួចហើយនេះ ចាប់ផ្តើមពីចំណុចណាទៅចំណុចណានោះទេ ដោយលោកស្នើសុំឱ្យមានការរង់ចំាបន្តិចសិន។
លោកគង់ វិមានបានបន្ថែមថា “ចឹងទេសុំថាទុកការងារនេះ អោយក្រុមការងារបច្ចេកទេស ដើម្បីធ្វើការសិក្សាឲ្យបានច្បាស់លាស់ជាមុនសិន នៅពេលដែលយើងទទួលបានរបាយការណ៍ច្បាស់លាសហើយ យើងនឹងផ្សព្វផ្សាយអោយបានទូលំទូលា ដើម្បីអោយបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបពីរឿងហ្នឹង”។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញមហិច្ឆិតារបស់ខ្លួនសាងសង់ខ្សែរថភ្លើងលើអាកាស នៅក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុង ខណៈនាពេលបច្ចុប្បន្ននេះចរាចរណ៍នៅក្នុងទីក្រុងដែលជាកន្លែងមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វប្បធម៌មួយនេះ បាននឹងកំពុងមមាញឹកយ៉ាងខ្លាំង៕